ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ឆ្នាំ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ ក្រសួងក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការយល់ដឹងទូទៅនៃឥទិ្ធពលគ្រឿងញៀនទៅលើការរីករាលដាល នៃការឆ្លងមេរោគអេដស៍ជំងឺអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិស្ដីពីសិទ្ធិជនពិការ ក្រោមអធិបតីលោកជំទាវបណ្ឌិត អ៊ូ វ័ឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថាបញ្ហាគ្រឿងញៀនសាកលមិនមានសញ្ញាថមថយទេ ប៉ុន្តែកម្ពុជាអាចគ្រប់គ្រងស្ថានការបានតាមរយះយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានយុទ្ធនាការ និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុប្រធានយុទ្ធនាការ ។
ឯកឧត្តម ស៊ឹម គឹមសាន អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ថា បញ្ហាអេដស៍នៅកម្ពុជាគឺជោគជ៏យ ហើយបានដាក់ចេញនូវគោលការណ៍៣:០ គឺគ្មានអ្នកឆ្លងថ្មី គ្មានអ្នកស្លាប់ និងគ្មានការរើសអើងអ្នកជំងឺ និងផ្ទុកមេរោគអេដស៍។
ឯកឧត្តម អែម ចន្ទ័មករា អគ្គលេខាធិការក្រុមប្រឹក្សាជាតិដើម្បីជនពិការ បានមានប្រសាសន៍ថា ជនពិការគឺមានសិទ្ធនិងការទទួលបាននូវឱកាសការងារ ការគាំពារសេវាសុខភាព និងសេវាសង្គមផ្សេងៗទៀតដូចជាប្រជាពលរដ្ឋទូទៅដែរ ហើយបានសំណូមពរកុំឲ្យរើសអើងដល់ជនពិការ ។
លោកជំទាវបណ្ឌិត អ៊ូ វ័ឌី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ដោយកោតសសើរដល់ថ្នាក់ដឹកនាំនៃស្ថាប័នជាតិទាំងបីដែលបានផ្តល់កិច្ចសហការ ហើយបានសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបាននៅថ្ងៃនេះទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ និងបង្ការខ្លួនបានពីបញ្ហាគ្រឿងញៀន និងមេរោគអេដស៍ ជំងឺអេដស៍ ៕ស តារា