ចោរប្រហើនចូលលួចគ្រឿងសង្ហារឹមក្នុងរោងសិប្បកម្មទាំងគេមិនទាន់ដេក ត្រូវបានម្ចាស់មកទាន់ចាប់ក្របួចជាប់២នាក់ប្រគល់ឱ្យអាវុធហត្ថ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ចោរមួយក្រុមបានធ្វើសកម្មភាពលួចចូលទៅក្នុងរោងសិប្បកម្មកែឆ្នៃឈើមួយកន្លែងដែលជារបស់ម្ចាស់ឈ្មោះចែថាំ ដោយបានលួចដឹកជញ្ជូនគ្រឿងសង្ហារឹមយកចេញក្រៅ ប៉ុន្តែមិនបានសម្រេច ត្រូវបានម្ចាស់រោងសិប្បកម្មមកទាន់ បានចាប់ក្របួចករអាវជាប់២នាក់ រួចហើយប្រគល់ទៅឱ្យអាវុធហត្ថខេត្ត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃប្រហស្បត៍ ខែផល្កុន ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរោងសិប្បកម្មឈ្មោះចែថាំ ស្ថិតនៅភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ប្រភពពីម្ចាស់រោងសិប្បកម្មកែឆ្នៃឈើឈ្មោះចែ ថាំ បានប្រាប់ឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុខាងលើនៅវេលាម៉ោងប្រមាណជា៩យប់ គាត់និងប្តីរបស់គាត់ បានជិះរថយន្តចេញពីផ្ទះចង់ទៅមើលកន្លែងដាក់គ្រឿងសង្ហារឹមរបស់គាត់ ហើយក៏ប្រទះឃើញ ជនសង្ស័យដោយចៃដន់ម្នាក់ កំពុងលើកដាក់គ្រឿងសង្ហារឹមដឹកតាមម៉ូតូបំរ៉ុងចេញមកខាងក្រៅ នៅពេលនោះគាត់ក៏បានហក់ទៅចាប់ក្បាលម៉ូតូ ហើយត្រូវបានជនសង្ស័យបុកត្រូវចំជើង រួចក៏បានចាប់ក្របួចជាប់ករអាវ ចំណែកប្តីរបស់គាត់ក៏បានជួយចាប់ទាញគូថម៉ូតូពីក្រោយ បន្ទាប់មកក៏បានស្រែកប្អូននៅជិតទីនោះឱ្យមកជួយបន្ថែម ដោយបានចាប់ជាប់ជនសង្ស័យនៅនិងកន្លែងបានម្នាក់ ចំណែកបក្ខពួកផ្សេងៗទៀតបានរត់គេចខ្លួនទៅបាត់ ។

ក្រោយមកនៅព្រឹកឡើងថ្ងៃទី២៣ ខែកុម្ភៈ នេះ ជនសង្ស័យម្នាក់ទៀតមានឈ្មោះទៀង ភេទប្រុស មានអាយុប្រមាណជា២០ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាងតុទូ រស់នៅភូមិបាចុង សង្កាត់ព្រះបាទក្រុងស្ទឹងត្រែង បានមកសារភាពថាខ្លួនពិតជាបានលួចពិតប្រាកដមែន ទើបជាលើកទី១នោះទេ បន្ទាប់មកគាត់ក៍បាននាំខ្លួនយកឱ្យអាវុធហត្ថខេត្តបន្តទៀតដើម្បីធ្វើការសាកសួររកវត្ថុតាងរួមនិងបក្ខពួកមួយចំនួនទៀត ។

ប្រភពពីម្ចាស់ដដែលខាងលើនោះបានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលមានឈ្មោះទៀង នោះកាលពីមុនគេធ្លាប់បានធ្វើជាងធ្វើតុទូនៅជាមួយហ្នឹងគាត់ ក្រោយមកក៏សំុឈប់ តែដោយសារគេហ្នឹងធ្លាប់នៅជាមួយគាត់ទើបដឹងក្រឡុកក្រលាតអស់អស់ ហើយគាត់ធ្លាប់ទុកចិត្តឲ្យកាន់កូនសោរចាក់ចេញចូលយកឥវ៉ាន់ តែមិនដឹងគេលួចទៅចំលងកូនសោរទុកតាំងពីពេលណា។

លុះក្រោយមកឥវ៉ាន់ចេះតែបាត់បន្តិចៗរហូត ហើយតាំងពីដើមខែ១មក ដល់ចុងខែ២នេះ បានសរុបគ្រឿងសង្ហារឹមនៅក្នុងឃ្លាំងទៅ បានបាត់អស់កៅអីចំនួន២២៤ ក្រែ១ និងទូរសម្អាងចំនួន១៤ ។

តាមការរៀបរាប់ពីឈ្មោះ ប៊ុត ថន មានស្រុកកំណើតរស់នៅភូមិយួស ឃំុឫស្សីសាញ់ ស្រុកសន្ធរកណ្តាល ខេត្តព្រៃវែង ត្រូវជាបងប្រុសរបស់ជនសង្ស័យម្នាក់ឈ្មោះ ប៊ុត សុខឃេត ភេទប្រុសអាយុប្រមាណជាង៣០ បច្ចុប្បន្នមករស់នៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង បានប្រាប់ថា ប្អូនរបស់គាត់មិនមែនជាចោរនោះទេ គេគ្រាន់តែអ្នកសីុឈ្នួលរត់ឌុប ដឹកឥវាន់ឲ្យម្នាក់ឈ្មោះទៀង ខាងលើនោះគេបាន ហៅឱ្យទៅដឹកកៅអីនៅទីតាំងខាងលើ ដោយគេបាននិយាយថា គឺជារបស់ម៉ាក់របស់គេនោះទេ ព្រោះសព្វថ្ងៃនេះមុខរបររកសីុគឺជាអ្នករត់ឌុបបុណ្យឱ្យតែគេហៅឌុបគឺឌុបហើយឲ្យតែបានលុយដើម្បីក្រពះ។

បងប្រុសរបស់ជនរងគ្រោះមានឈ្មោះប៊ុត សុខឃេត ខាងលើនោះ បានបញ្ជាក់ថា គាត់មកនៅនិងមុខទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តនេះ គឺគ្រានតែមកសំុដោះស្រាយយកប្អូនប្រុសរបស់គាត់ឱ្យត្រឡប់ទៅផ្ទះវិញដើម្បីប្រកបរកសីុចិញ្ចឹមគ្រួសារ ពីព្រោះអីប្អូនប្រុសរបស់គាត់អត់ខុសអ្វីនោះទេ គ្រាន់តែសីុឈ្នួលដឹកគ្រឿងសង្ហារឹមឱ្យគេមិនដឹថាជារបស់ចោរនោះដែរ ។

ជំុវិញក្នុងរឿងនេះ លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត បានឱ្យដឹងថា ក្រោយពីបានម្ចាស់អ្នកលក់គ្រឿងសង្ហារឹមចាប់បានជនសង្ស័យ២នាក់ប្រគល់ឱ្យអាវុធហត្ថខេត្ត ហើយបានដាក់ពាក្យបណ្តឹងនៅកន្លែងអាវុធហត្ថទៀតនោះ ក្រោយពីបានមន្ត្រីជំនាញអាវុធហត្ថធ្វើការសួរនាំ រួចហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ លោកបានដឹកនាំកម្លាំងរបស់អាវុធហត្ថច់ខេត្តចុះឆែកឆេរនៅតាមទីកន្លែងរោងសិប្បកម្មនិងកន្លែងលក់គ្រឿងសង្ហារឹម ដែលខ្លួនរបស់ជនសង្ស័យឈ្មោះទាង ជាជនជាតិនោះបានឆ្លើយប្រាប់ថា មានចំនួនបីទីតាំង ។ លោកបន្តទៀតថា ដោយឡែកបានរកឃើញវត្ថុតាងតែចំនួនពីរទីតាំងនោះទេ កន្លែងទី១ រកឃើញក្រែ១ និងកៅអីឈើចំនួន៦៤នៅកន្លែងដែលគេកំពុងបាញ់ថ្នាំ និងទីតាំងទី២ បានរកឃើញនៅកន្លែងលក់គ្រឿងសង្ហារឹម ម្ចាស់ផ្ទះគឹម ហេង នៅទល់មុខសណ្ឋាគារអង្គមាស ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងស្ទឹងត្រែង មានទូរសម្អាងចំនួន៤ រួមនិងកៅអីឈើមួយចំនួនទៀត ។

លោកបានបញ្ជាក់ថា គ្រឿងសង្ហារឹមដែលរកឃើញនោះត្រូវបានដឹកយកទៅទុកនៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត រីឯម្ចាស់អ្នកដែលទទួលទិញរបស់ចារកម្មគ្រឿងសង្ហារឹមនោះបើតាមច្បាប់ត្រូវមានទោស ឥឡូវនេះគ្រាន់តែហៅយកទៅធ្វើការសួរនាំ រួចនិងចាត់ការទៅតាមនិតិវីផ្លូវច្បាប់បន្ត ៕ ដោយ ! មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print