ខេត្តរតនគិរី ៖ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានស្រ្តីឆ្លងទន្លេសម្រាលកូនធ្លាក់ឈាមរហូតដល់ស្លាប់ម្នាក់ទៀតហើយ ក្រោយបញ្ជូនមកដល់មន្ទីពេទ្យបង្អកខេត្តបានកន្លះម៉ោង។
ហេតុការណ៍ស្រី្តសម្រាលកូនស្លាប់នេះបានកើតឡើងនៅវេលាយប់រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ៨កើត ឈានចូលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ឈានចូលទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមប្រភពបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់នៅក្រោយពេលសម្រាលបានកូនភ្លោះ២នាក់ហើយ ស្រ្តីដែលគេអះអាងថា ជាជនជាតិឡាវបានស្លាប់នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៨នេះតែម្តងបន្ទាប់ពីដឹកបញ្ជូនមកពីមណ្ឌលសុខភាពវរៈជ័យ នៅក្នុងភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។
លោក ទឺ នូថង អធិការនគរបាលស្រុកវុើនសៃបានប្រាប់ថា ជនរងគ្រោះដែលសម្រាលកូនហើយស្លាប់ឈ្មោះ ចាន់ នីអាយុ៣៦ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិតាឡាត ឃុំសេសាន ស្រុកសេសាន ខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ខេត្តរតនគិរី ។
លោក ហុីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់អ្នកយកព័ត៌មានថា នៅថ្ងៃទី២៣ខែកុម្ភៈនេះដែរថា ស្រីរងគ្រោះបានស្លប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកន្លះម៉ោង ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកចេញពីមន្ទីរពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានមកលេងផ្ទះឪពុកម្តាយនៅស្រុកវើនសៃ គាប់ជួនពេលនោះ នាងក៏បានឈឺពោះសម្រាលកូនហើយស្វាមីរបស់នាងបានបញ្ជូននាងទៅមណ្ឌលសុខភាព វរៈជ័យ ក្បែរនោះ។ ខណៈនាងសម្រាលបានកូនភ្លោះ២នាក់ តែអកុសលពេលនោះនាងបានហូរឈាមធ្លាក់ខ្លាំងពេកសាច់ញាតិក៏ដឹកបញ្ជូននាងបន្តមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែគួរឱ្យសោកស្តាយបំផុតនាងបានបាត់បង់ជីវិតនៅក្រោយពេលសង្រ្គោះបានកន្លះម៉ោង។
សូមបញ្ជាក់ថានៅមន្ទីពេទ្យបង្អែកខេត្តរតនគិរីនេះធ្លាប់មានអ្នកជំងឺនិងអ្នកម្រាលកូនស្លាប់ញឹកញាប់ណាស់ ប្រធានមន្ទីរពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល ហាក់ដូចជាពុំសូវចាប់អរម្មណ៍សោះលើបញ្ហាកើតឡើងដដែលៗសោះ៕ ដោយ:ជីវន្ត