សាឌីអារ៉ាប៊ីផ្លាស់ប្តូរមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប

ចែករំលែក៖

សាឌីអារ៉ាប៊ី បានរៀបចំឡើងវិញនូវទម្រង់ដឹកនាំនៅក្នុងជួរកងទ័ព ប្រទេសនេះដោយបានផ្លាស់ប្តូរ មន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប និងរដ្ឋលេខាធិការ ។ ជាមួយគ្នានោះ ក៏បានតែងតាំង រដ្ឋមន្ត្រីក្រសួងការងារជាស្ត្រី ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ បណ្តាញព័ត៌មាន SPA របស់សាឌីអារ៉ាប៊ី បានផ្សាយថា ពឹងផ្អែកទៅលើសំណើរបស់ក្រសួងការពារជាតិ រាជវាំង សាឌីអារ៉ាប៊ី ក៏បានចេញសេចក្តីសម្រេចមានដូចជា ទីមួយ បញ្ចប់ការងារ និងឲ្យមេបញ្ចាការកងទ័ពជាន់ខ្ពស់ លោក Abdulrahman Bin Saleh Bin Abdullah Al Bunyan ចូលនិវត្តន៍។ បន្ទាប់មកពីមេបញ្ជាការរងកងទ័ព លោក Fayyadh Bin Hamid Bin Ragad Al Rwailiត្រូវបានតែងតាំងធ្វើជាអគ្គមេបញ្ជាការកងទ័ពជំនួសវិញ ។

តាមបទបញ្ជាពីរាជវាំង មេបញ្ជាការកងទ័ពអាកាសឧត្តមសេនីយ៍ Mohammed Bin Awadh Bin Mansour Suhaim ក៏បានឲ្យចូលនិវត្តន៍ផងដែរ ។ ក្រៅពីនេះ នៅមានការផ្លាស់ប្តូរជាច្រើនផ្សេងទៀត នៅក្នុងជួរកងទ័ពជើងគោក និងកម្លាំងមីស៊ីល ។

ក្រៅពីនេះ រដ្ឋមន្ត្រីជាច្រើនរូបក្នុងនោះមានរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច សន្តិសុខ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ។ អ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺការតែងតាំងរដ្ឋមន្ត្រីក្រសួងការងារជាស្ត្រី គឺលោកស្រី Youssef Al Ramah ។

ការផ្លាស់ប្តូរខាងលើ របស់ ព្រះរាជ្យទាយាទ ប៊ីនសាលម៉ែន គឺជាការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងជួរថ្នាក់ដឹកនាំទាំង រដ្ឋបាល និងយោធា ដើម្បីពង្រឹងអំណាចរបស់ព្រះរាជ្យទាយាទ ក្នុងការគ្រប់គ្រងប្រទេស នៅពេលអនាគតប្រកបដោយប្រសិទ្ធភាព។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ព្រះរាជ្យទាយាទ មានបំណងកែទម្រង់ប្រព័ន្ធដឹកនាំដើម្បីកម្ចាត់មន្ត្រីចាស់ និងតែងតាំងមន្ត្រីស្មោះត្រង់ជាមួយព្រះអង្គ បញ្ចៀសបញ្ហានៅពេលអនាគត ។

អ្វីដែលចាប់អារម្មណ៍នៅក្នុងការកែទម្រង់នោះគឺស្ត្រីសាឌីអារ៉ាប៊ី នៅពេលនេះ ត្រូវបានលុបចោលបម្រាមបើកបរ ការចូលមើលបាល់ទាត់ ឬខនសឺត និងការធ្វើអាជីវកម្ម ជំនួញផ្សេងៗ។ នៅពេលនេះ ព្រះរាជ្យបុត្រក៏បានតែងតាំងស្ត្រីជារដ្ឋមន្ត្រីក្រសួងការងារទៀត គឺជារឿងមួយដ៏ល្អប្រសើរ ក្នុងការលើកកម្ពស់ស្ត្រីនៅក្នុងសង្គមសាឌីអារ៉ាប៊ី ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print