លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខេត្តតាកែវល្មមបញ្ចប់រឿងកញ្ឆានៅស្រុកគិរីវង់

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទតែងតែឃើញអាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវចុះកាប់បំផ្លាញកញ្ឆាជាញឹកញាប់នៅឯស្រុកគិរីវង់ ។ បើតាមមើលទៅ ការលួចលាក់ដាំកញ្ឆានេះ ហាក់ដូចជាធ្វើឡើងនៅច្រើនកន្លែង និងបិទបាំងភ្នែកសមត្ថកិច្ច ។ ប៉ុន្តែតាមការពិត ខ្ញុំបាទ មានបងប្អូននៅក្នុងស្រុកគិរីវង់អះអាងថា មានការឃុបឃិតគ្នារវាងសមត្ថកិច្ចមូលដ្ឋានថ្នាក់ស្រុកជាមួយក្រុមប្រជាពលរដ្ឋ អ្នកដាំកញ្ឆា ។ កញ្ឆាខ្លះត្រូវបានកាប់ហាលឲ្យក្រៀម និងបាននាំចេញទៅក្រៅប្រទេសទៀតផង។

មន្ត្រីនគរបាលមូលដ្ឋានក្នុងស្រុកគិរីវង់បានដឹងអំពីបញ្ហានេះច្បាស់ណាស់ ។ ម្យ៉ាងទៀត ភូមិសាស្ត្រស្រុកគិរីវង់ក៏មិនស្មុគ្រស្មាញមានព្រៃជ្រៅដែលលំបាកក្នុងការបង្ក្រាបនោះដែរ ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការបង្ក្រាបជាញឹកញាប់មិនអស់មិនហើយរបស់អាជ្ញាធរថ្នាក់ខេត្ត ក៏ហាក់ដូចជាមិនចំទិសដៅប៉ុន្មាននោះដែរ។ មានន័យថា វិធានការបង្ក្រាបរបស់អាជ្ញាធរថ្នាក់ខេត្តធ្វើឡើងដោយចោះៗ ហើយវិធានការនោះទៀតសោត ក៏មិនម៉ឺងម៉ាត់អ្វីដែរ។ ហេតុដូច្នេះហើយ ការបង្ក្រាបចម្ការកញ្ឆាធ្វើឡើងម្តងម្កាល និងប៉កល្វើយ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ថា អាជ្ញាធរខេត្តតាកែវត្រូវដាក់វិធានការជាក់លាក់ ជាពិសេសការផ្តន្ទាទោសចំពោះអ្នកដែលដាំកញ្ឆា ។ បើមិនដូច្នោះទេ អាជ្ញាធរត្រូវបន្តបក់ផ្សែងអំពីបញ្ហាកញ្ឆានៅស្រុកគិរីវង់នេះបន្តទៀត ។ វិធានការជាក់លាក់ដូចដែលអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើចំពោះទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅភូមិត្រពាំងឈូក (មុខមន្ទីរពេទ្យលោកសង្ឃ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខឲ្យបានជាប់លាប់ ទើបអាចកាត់ផ្តាច់ឫសគល់បញ្ហាបាន។ បើមិនដូច្នោះទេ បញ្ហាកញ្ឆានៅស្រុកគិរីវង់នឹងនៅតែមិនអាចបង្ក្រាបឲ្យអស់បាន ។ ដូច្នេះវិធានការជាក់លាក់ កាត់ផ្តាច់ឫសគល់ទើបមានប្រសិទ្ធភាពក្នុងការបង្ក្រាបបញ្ហាកញ្ឆានេះ ៕ ប្រជាពលរដ្ឋ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print