ខេត្តកណ្ដាលៈ បុរសវ័យចំណាស់ថ្មើរជើងម្នាក់ដែលជាជនអណាថា ត្រូវរថយន្ដក្រុងរបស់ក្រុមហ៊ុនឫទ្ធិមុនីបើកបុកពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម កាលពីវេលាម៉ោង២១និង៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លើលកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងស្លាប់មិនស្គាល់អត្ដសញ្ញាណ ភេទប្រុស អាយុប្រហែល៧០ឆ្នាំ (ជនអណាថា) ។ ចំណែកឯរថយន្ដម៉ាក KIA ធុនធំ ពណ៌ស ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-2880 ប្រភេទរថយន្ដក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនឫទ្ធិមុនី បើករបដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោលរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើងធ្វើដំណើរតាមផ្លូវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះក៏មានរថយន្ដគ្រឿងរបស់ក្រុមហ៊ុនឫទ្ធិមុនី បើកក្នុងល្បឿនលឿន ក៏ឈបមិនទាន់បានបុកបុរសរងគ្រោះ បណ្ដាលស្លាប់ឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើអន្ដរាគមន៍ពិនិត្យកន្លែងកើតហេតុ ធ្វើការវាស់វែងនិងកសាងឯកសារដកហូតយករថយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្ត សុវណ្ណារី (ហៅវត្តចាស់) ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ
...