ខេត្តតាកែវ៖ យ៉ាងហោចណាស់មានមនុស្សប្រាំនាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូរ៉ឺម៉កទៅច្រូតស្មៅត្រូវបានរថយន្ដដឹកគ្រឿសំណង់បុកពីក្រោយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣១ និងលេខ៣២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
មន្ត្រីជំនាញចរាចរណ៍ស្រុកបាទីបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរ៉ឺម៉កម៉ូតូ១គ្រឿង បានជិះគ្នា៥នាក់ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ក៏ត្រូវបានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ បើកបរមិនស្គាល់ឈ្មោះ បើកស្របទិសគ្នា បានបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកជិះរម៉កម៉ូតូរងរបួសធ្ងន់ទាំងអស់គ្នា ហើយរថយន្ដបានបើករត់ និងប្លុងចោលនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ហើយអ្នកបើករត់បាត់។
របាយការណ៍ដដែលបានបន្ដទៀតថា អ្នករងគ្រោះទាំង៥នាក់ទី១ឈ្មោះចយ ចន ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកបើកបររ៉ឺម៉កម៉ូតូមានទីលំនៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ទី២ ឈ្មោះឌី ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ទី៣ ឈ្មោះ ចយ អ៊ូធី ភេទប្រុស អាយុ១៦ឆ្នាំ ទី៤ឈ្មោះ ញឹម រ៉េត ភេទស្រី អាយុ៤៨ឆ្នាំ ទី៥ឈ្មោះ ខុម វុធ ភេទប្រុស អាយុ១៦ឆ្នាំ អ្នករងគ្រោះរស់នៅភូមិ ឃុំជាមួយគ្នាទាំងអស់ រងបួសធ្ងន់ ខ្លះបាក់ ខ្លះបាក់ជើង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបាននិងកំពង់ស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើករថយន្ដបង្ករដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ជីសូរកា