ប្រទេសរងផលប៉ះពាល់មិនឱបដៃឈរមើល អាមេរិកបង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្មឡើយ

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះមានទាំងសម្ពន្ធមិត្តអាមេរិក បាន បង្ហាញការបារម្ភយ៉ាងខ្លាំង នៅពេលដែលប្រធានាធិបតីអាមេរិកសម្រេចដំឡើងពន្ធនាំចូល ដែកនិង អាលុយមីញ៉ម រហូតដល់ ២៥ភាគរយ ជាសកម្មភាពបង្កឲ្យមានវិបត្តិលើវិស័យពាណិជ្ជកម្មយ៉ាងធំធេង និង អូសទាញ ដល់វិស័យនានាជាច្រើនទៀត ឈានដល់វិបត្តិសេដ្ឋកិច្ច ពាណិជ្ជកម្មលើ ពិភពលោក។

ការធ្វើពាណិជ្ជកម្ម ក៏មានច្បាប់ដូចគ្នា ដូច្នេះអាមេរិកមិនអាចចេះតែធ្វើអ្វីគិតតែពីប្រយោជន៍ខ្លួនឯងទុកឲ្យពិភពលោក ទាំង មូលរងគ្រោះឡើយ។ ប្រទេសជាច្រើន ជុំវិញពិភពលោក ក្នុងនោះមាន ចិនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែ ចិនក៏មិននៅ ឈរឱបដៃ ទុកឲ្យនយោបាយបិទទ្វាររបស់ អាមេរិក គំរាមកំហែង ពាណិជ្ជកម្មចិន នោះដែរ។ នៅថ្ងៃអាទិត្យ អ្នកនាំពាក្យរបស់ សភាប្រជាជនចិន នៅបាននិយាយព្រមាន ថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹកណាមួយ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចចិន។ សង្រ្គាមពាក្យសម្ដី រវាងអាមេរិក និងប្រទេសដៃគូពាណិជ្ជកម្មបានកើនឡើងខ្លាំងនៅសប្តាហ៍នេះ នៅបន្ទាប់ពីប្រធានា ធិបតី អាមេរិក លោកដូណាល់ត្រាំ នៅថ្ងៃព្រហស្បតិ៍បានប្រកាសដំឡើងពន្ធ ២៥% លើដែកថែប និង១០%លើអាលុយមីញ៉ូម បរទេស ដែលនាំចូលទៅអាមេរិក។

តាមអ្នកនាំពាក្យរបស់សភាប្រជាជន ចិន ទីក្រុងប៉េកាំងមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកនោះទេ ប៉ុន្តែ បើសិនជានយោបាយការពារជាតិនិយមអាមេរិកប៉ះពាល់ បំផ្លាញផលប្រយោជន៍របស់ចិន នោះចិនក៏មិនអាចនៅឈរស្ងៀម មិនចាត់ វិធានការអ្វីដែរ។

លោកដូណាល់ ត្រាំ បានប្រកាស ដំឡើងពន្ធ២៥ភាគរយ លើការនាំចូលដែក ថែប បរទេស នៅក្នុងហេតុផលការពារ សន្តិសុខជាតិ។ ការប្រកាសដំឡើងពន្ធ របស់លោកដូណាល់ ត្រាំ បានបង្កឲ្យមានប្រតិកម្មតវ៉ាប្រឆាំងជាពិសេស ពីកាណាដា និងសហភាពអឺរ៉ុប ដែលជាអ្នកនាំចូលដែកថែបច្រើនជាងគេទៅអាមេរិក។ កាណាដាដែលជាប្រទេសធំទី១នាំចូលដែកថែបទៅអាមេរិកបានព្រមានថា នឹងចាត់វិធានការ វាយបកវិញ ចំណែកប្រធានគណៈកម្មការអឺរ៉ុបបានគំរាមដំឡើងពន្ធ លើផលិតផល អាមេរិក នាំចូលទៅអឺរ៉ុប ដូចជាខោខូវប៊យ ឡេវី ស្រាវីស្គី ឬម៉ូតូរបស់អាមេរិក។

នៅថ្ងៃសៅរ៍ ឆ្លើយតបទៅនឹងប្រតិកម្ម របស់អឺរ៉ុប លោកដូណាល់ ត្រាំ បានគំរាម ដំឡើងពន្ធ លើរថយន្តអឺរ៉ុបនាំចូលទៅ អាមេរិក បើសិនជាសហភាពអឺរ៉ុប ហ៊ាន ដំឡើងពន្ធលើផលិតផលនាំចូល ពីអាមេ រិក។ អាមេរិកជាទីផ្សាររថយន្តធំជាងគេ របស់អឺរ៉ុប ដែលស្រូប ទិញយក ២៥ ភាគរយនៃរថយន្តផលិតនៅអឺរ៉ុប (២៥ ភាគរយនៃ១៩២ពាន់លាន​អឺរ៉ូ)។ អាល្លឺ ម៉ង់ ដែលនាំចូលពាក់កណ្តាលនៃរថយន្តអឺរ៉ុបទៅអាមេរិកនឹងរងប៉ះពាល់ធ្ងន់ជាងគេ បើសិនជារដ្ឋបាលអាមេរិកដំឡើងពន្ធ លើ ការនាំចូលរថយន្ត អឺរ៉ុប ពិតមែន។

លោកដូណាល់ សន្យានឹងបង្កើតពន្ធនាំ​ចូល ឲ្យ ដូចប្រទេសដទៃ ដែលបានកំណត់ ពន្ធធ្ងន់ លើផលិតផល ដែលនាំចូល ពីអាមេរិក។ សម្រាប់លោកដូណាល់ ប្រទេសដទៃ បានកេងចំណេញ លើអាមេ រិករហូតមក។ លោកបានទម្លាក់កំហុសលើប្រធានាធិបតី អាមេរិកមុនៗ ដែលបាន ធ្វើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម បើកផ្លូវឲ្យ បរទេសនាំចូលផលិត ផល​ទៅ​អាមេរិក ជាមួយ អត្រាពន្ធដ៏ទាប។ “នៅពេលដែលឱនភាពពាណិជ្ជកម្មកើនឡើងដល់៨០០ពាន់លានដុល្លារ នោះអាមេរិកគ្មានជម្រើសអ្វីផ្សេងទេ” នេះជាសារសរសេររបស់ លោកដូណាល់ ត្រាំ នៅក្នុងបណ្តាញ Twitter កាលពីថ្ងៃសៅរ៍។

នៅថ្ងៃសៅរ៍ មូលនិធិរូបិយវត្ថុអន្តរ ជាតិIMF បានព្រមានថា នយោបាយការ ពារនិយមរបស់លោកដូណាល់ ត្រាំ នឹងធ្វើឲ្យខូចខាត ប៉ះពាល់ផងដែរ ដល់ សេដ្ឋកិច្ចអាមេរិក ជាពិសេសវិស័យ សំណង់ និងរោងចក្រ ដែលត្រូវការច្រើន ដែកថែប និងអាលុមីញ៉ូម ក្នុងតម្លៃថោក។ រដ្ឋមន្រ្តីអូស្ត្រាលីបានព្រមានពីសង្រ្គាម ពាណិជ្ជកម្ម ដែល គ្រោះថ្នាក់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។ អូស្ត្រាលី និងចិន នាំចូលដែកថែប តិចតួចទៅអាមេរិក ប៉ុន្តែ ប្រទេសទាំងពីរបារម្ភថា នយោបាយដំឡើងពន្ធលើដែកថែបនាំចូលទៅអាមេរិក នឹង ធ្វើឲ្យប្រទេសនាំចេញដែកថែប បែរសំដៅ ទិស ទៅប្រទេសផ្សេងទៀត ក្រៅពី អាមេ រិក។ នៅពេលដែលការផ្គត់ផ្គង់មានច្រើន តម្លៃ ដែកថែប នឹងធ្លាក់ចុះថ្លៃ ដែលនឹង ធ្វើឲ្យប៉ះពាល់ ដល់ ឧស្សាហកម្មផលិត ដែកថែប ក្នុងស្រុករបស់អូស្ត្រាលី និងចិន ជាដើម។

កាសែតចិនGlobal Times ដែលជា ឧបករណ៍ឃោសនារបស់បក្សកុម្មុយនីស្តធ្លាប់បានសរសេរថា ប្រទេសចិននឹងវាយ បកវិញ បើសិនជាលោកដូណាល់ ត្រាំធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងចិន។ ចិន មានមធ្យោបាយដាក់គំនាបលើអាមេរិក ព្រោះថា ចិនជាប្រទេសទី១ ដែលមានកាន់ ក្នុងដៃ ប្រាក់បំណុលអាមេរិកច្រើនជាងគេ គឺ១.០០០ពាន់ លានដុល្លារអាមេរិក។ តាមកាសែត Global Times ចិនអាចគំរាម សងសឹកអាមេរិកវិញ ដោយនឹងផ្អាកព្យួរ ការបញ្ជាទិញយន្តហោះរបស់ក្រុមហ៊ុនប៊ូអ៊ីងអាមេរិក។ តើអ្នកណាខាត ហើយអ្នកណានឹងចំណេញពីសង្រ្គាមពាណិជ្ជកម្ម? ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាន និយាយនៅក្នុងវេទិកាសេដ្ឋកិច្ច នៅទីក្រុង ដាវ៉ូសប្រទេសស្វ៊ីសថា គ្មានភាគីណាឈ្នះ ដាច់ នៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះ ទេ។

ប៉ុន្តែសម្រាប់អ្នកសេដ្ឋកិច្ចមួយចំនួន ចិនដែលមានផលិតផលពឹងអាស្រ័យលើទីផ្សារអាមេរិកអាចរងគ្រោះភ្លាមដោយ​សារនយោបាយដំឡើងពន្ធអាកររបស់លោក ដូណាល់ ត្រាំ។ ត្រូវដឹងថា ផលិតផលចិន នាំចូលទៅអាមេរិក នៅឆ្នាំ ២០១៦មាន តម្លៃដល់ទៅ ៣៨៥ពាន់លានដុល្លារ។ បើសិនជាអាមេរិកដែលជាទីផ្សារធំបំផុត របស់ចិន រឹតបន្តឹង ដោយនឹងដំឡើងតម្លៃ ពន្ធដល់៤៥ភាគរយលើផលិតផលនាំចូលមកពីចិន នោះផលិតផលចិននាំចូលទៅអាមេរិកនឹងធ្លាក់ចុះពីរដង ឬច្រើនជាងនេះ ក៏ថាបាន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print