ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានជំរុញឲ្យស្ដ្រី ដែលកំពុងបម្រើការងារវិស័យព័ត៌មាន ទាំងអស់ត្រូវបង្កើនការ ផ្សព្វផ្សាយ ឲ្យបានស៊ីជម្រៅដល់ស្ដ្រី នៅសហគមន៏ជនបទ ដែលពួកគាត់ភាគច្រើន ពុំទាន់ទទួលបាន ព័ត៌មានច្បាស់លាស់ពីការអភិវឌ្ឍជាតិ ដែលសង្គមកំពុងមានការរីកចម្រើន និងជាពិសេស រាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់លើកដម្កើងស្ដ្រី ក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច និងវប្បធម៏ ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញបែបនេះ ខណៈលោកស្រី ទទួលជួប សម្ដែងការគួរ សម និងពិភាក្សាការងារ ជាមួយ លោកស្រី ពេទ រង្ស៊ី កាញារីទ្ធ ប្រធានសមាគម នារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ ក្រសួងព័ត៌មាន កាលនៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ក្នុងគោលបំណង ដើម្បីចូលរួម អបអរ សាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។
លោកស្រីទេព រង្សុី កាញារីទ្ឋ បានបញ្ជាក់ថា ៖ ចាប់តាំងពីកែសម្រួលសមាសភាពសមាគមកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧មក សមាគមបានបន្តសកម្មភាពការងារយ៉ាងសកម្មលើមុខជំនាញផ្សេងៗរបស់វិទ្យុជាតិ ទូរទស្សន៍ជាតិ និងប្រព័ន្ឋអេឡិចត្រូនិច ព្រមទាំងការងារជំនាញលើបច្ចេកទេសផ្សេងៗទៀតជាច្រើន ។ ក្នុងនោះនារីកំពុងដើរតួយ៉ាងសកម្ម លើវិស័យព័ត៌មាន ហើយជាការរួមចំណែក ក្នុងការការពារថែរក្សាសន្តិភាព ការអភិវឌ្ឍន៍ប្រទេសជាតិ ធានាដល់ការការពារសិទ្ឋិមនុស្ស សិទ្ឋិ សេរីភាព ក្នុងការបញ្ចេញមតិ ស្របតាមគោលការណ៍នៃលទ្ឋិប្រជាធិបតេយ្យ ដែលស្ថិតនៅក្តោមឆ័ត្រនីតិរដ្ឋ ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការជួបជុំគ្នានៅពេលនេះគឺជាឱកាសដ៏ល្អ ប្រសើរមួយ និងប្រកបដោយអត្ថន័យសម្រាប់ស្ត្រីទាំងអស់ ដើម្បីរំលឹកឡើងវិញនូវស្នាដៃដ៏ មហិមារបស់ស្រ្តីនៅលើពិភពលោក ដែលក្នុងនោះរួមទាំងស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូ លះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ។
លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ដថា៖ ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់ កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែល ទាំងអស់គ្នា ជាពិសេសបុរសត្រូវតែបន្ត ជម្រុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជា ឲ្យកាន់តែមានភាព ប្រសើរ និងថ្លៃថ្លាថែមទៀត។
បន្ថែមពីនេះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៌របស់សមាគមនារីក្រសួងព័ត៌មាន ដែលបានឆ្លុះ បញ្ចាំង ឲ្យឃើញពីឆន្ទៈយ៉ាងមោះមុត និងកិច្ចខិតខំប្រឹងប្រែង យ៉ាងសកម្មលើវិស័យព័ត៌មាន ក្នុងការផ្សព្វផ្សាយ ដោយឈលើរ ស្មារតីទទួលខុសត្រូវ ក្នុងន័យ លើកស្ទួយនូវតម្លៃ ឋានៈ តួនាទី សិទ្ធិ និងជីវភាពរបស់ស្រ្តី ដែលឆ្លើយតបទៅនឹងសេចក្តីប្រកាសផែនការសកម្មភាព ក្នុងគោលដៅ អភិវឌ្ឍន៍សហសវត្សរ៍ និងសេចក្តីសម្រេចលើកទី៨ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រ ជាជាតិស្តីពី ស្ត្រី សុខសន្តិភាព និងសន្តិសុខ កន្លងមកនេះ ៕ ដោយ៖ សំរិត