ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានមកចូលសម្ងំក្នុងបន្ទប់ជួល សង្ស័យប៉ុនប៉ងលួចទ្រព្យសម្បត្តិ ខណៈម្ចាស់បិទទ្វាទៅធ្វើការបាត់ ហើយត្រូវប្រជាពលរដ្ឋឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះ មុំ សំរើន អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកោះអណ្តែត ខេត្តតាកែវ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលបន្ទប់ជួលត្រង់ចំណុចខាងលើត្រូវបានម្ចាស់បិទទ្វារចាក់សោចាកចេញទៅធ្វើការងារអស់ ស្រាប់តែនៅវេលាម៉ោងខាងលើ បែជាយុវជនរូបនេះបើកទ្វារចូលទៅសង្ងំក្នុងបន្ទប់ជួលរបស់គេទៅវិញ ដោយស្គាល់ ដឹងថា មិនមែនជាមនុស្ស ស្នាក់ រស់នៅទីនេះ សង្ស័យប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ក៏នាំគ្នាចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្តងនាំទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ។
តាមសម្តីយុវជនខាងលើបានឲ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី១៤ ខែមិនា រូបគេស្គាល់បុរសម្នាក់ ហើយណែនាំប្រាប់ឲ្យទៅលេង ទុកទាំងកូនសោបន្ទប់ទៀត ដោយប្រាប់ថា បើគេមិននៅចូលទៅអង្គុយលេងក្នុងបន្ទប់សិនទៅ ទើបនៅព្រឹកថ្ងៃទី១៥ នេះបុរសដែលស្គាល់មួយដំណើរខាងលើ ជួបតាមផ្លូវប្រាប់ឲ្យចូលទៅក្នុងបន្ទប់មុន ហើយគេចាកចេញទៅបាត់ ខណៈដែលកំពុងអង្គុយក្នុងបន្ទប់ ត្រូវបានប្រជាពលរដ្ឋឃើញចាប់ ចោទប្រកាន់ថា មិនរបស់កម្មកររោងចក្រទៅវិញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើគ្រាន់តែជា ការសង្ស័យរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយយុវជនខាងលើត្រូវបាននាំខ្លួនទៅប៉ុស្តិ៍ដើម្បីសាកសួរ អប់រំ និងរកសាច់ញាតិមកទទួលត្រឡប់ទៅវិញខណៈដែលមិនមានបណ្តឹងពីម្ចាស់ផ្ទះ ម្ចាស់បន្ទប់ឡើយ ហើយក៏មិនមានបាត់បង់អ្វីដែរ ៕សុខាសែនជ័យ
...