លេចសារដៀមដាមផ្លែផ្កាពីក្រុមអ្នកចម្រៀងប្រពៃណី និងក្រុមបែកស្លុយ

ចែករំលែក៖

ភ្នំពេញ ៖ មានមតិខ្វែងគំនិតគ្នាមួយចំនួន រវាងអ្នកចម្រៀង ឬក្រុមយុវវ័យ ដែលចូលចិត្តបទចម្រៀងបែបបែកស្លុយ និងក្រុមអ្នកសិល្បៈ ឬអ្នកគាំទ្របទចម្រៀងបែបប្រពៃណីបានកើតមានឡើង កាលពីថ្មីៗនេះ ក្រោយពីប្រទេសឡាវបានស្នើឲ្យមានការដាក់ចង្វាក់រាំវង់ភាសាឡាវឡាំវង់ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។

ភាពរំជើបរំជួលពីសំណាក់មហាជនពិសេសក្រុមអ្នកស្រលាញ់ចូលចិត្តសិល្បៈវប្បធម៌ខ្មែរបានកើតមានឡើង ក្រោយពីមានប្រតិកម្មពីមហាជនជុំវិញបទចម្រៀងប្រជាប្រិយខ្មែរថមថយប្រជាប្រិយភាព ខណៈ ដែលបទចម្រៀងបែបស្លុយកំពុងពេញនិយមខ្លាំងពីស្រទាប់យុវវ័យ ។ កាន់តែពុះកញ្ជ្រោលក្រោយពីសារព័ត៌មានThe Laotian times ចុះផ្សាយថ្ងៃទី១២មីនាឆ្នាំ២០១៨ថាឡាវបានសម្រេចស្នើដាក់បញ្ចូលក្បាច់រាំវង់ ដែលជាភាសាឡាវថាឡាំវង់ (Lam vong ) ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។

ផ្តើមពីតារាចម្រៀងខាត់ សុឃីម ដែលបញ្ចេញបទចម្រៀង រងារ ដែលរៀបរាប់អំពីទម្រង់សិល្បៈខ្មែរដ៏សម្បូរបែបមិនត្រូវបានគេចាប់អារម្មណ៍ក្នុងកម្មវិធីនានាទាំងកម្មវិធីសាធារណៈ និងលើកញ្ចក់ទូរទស្សន៍ ពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្លួន ។

សារចុងក្រោយ ដែលតារាស្រីរូបនេះបង្ហោះបែបចំអកទៅកាន់អ្នកគាំទ្របទបែកស្លុយគឺ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឡាវ ដែលបានមើលឃើញ និងយល់តម្លៃនៃចង្វាក់រាំវង់ ហើយបានដាក់បញ្ចូលទៅជាបេតិកភណ្ឌរបស់ខ្លួន ។ សង្ឃឹមថាម្ចាស់ថ្មីនៃចង្វាក់រាំវង់នឹងផ្ដល់ភាពយកចិត្តទុកដាក់ទៅលើរូបអ្នកជារៀងរហូត ។ នៅធ្វើអីបើគេមើលមិនឃើញតម្លៃអ្នកផង!» ។

ស្របគ្នានេះដែរ លោកដួង សុខគា បានសរសេររិះគន់ថា «បង្ហោះការងារអូសរំលងបង្ហោះរឿងខុសទំនងដណ្ដើមគ្នាLike គិតតែជេរគ្នាទៅកូនកុំប្រឹងរៀនបែកស្លុយទៅកូនទុកអូនរាំវង់ឲ្យគេថែ! ស្ដាយធ្វើអីបើមិននាំគ្នារវល់ផង! អូនរាំវង់ត្រូវការប្ដីថ្មីចេះថ្នមរក្សា!! បន្តិចទៀតមានអូនផ្សេងទៀតទៅដែរហើយ!! កុំចោទថាគេចិត្តចើកណា! សម្ដីចំអកទាំងទឹកភ្នែករបស់មនុស្សស្រវឹងម្នាក់» ។

តារាចម្រៀងសម័យនិយមបទហ៊ីបហបរបស់ផលិតកម្មហង្សមាសវិញលើកឡើងថា «ចោរលួចទ្រព្យមិនគិតប្ដឹងប៉ូលិសមកអង្គុយបន្ទោសគ្រួសារខ្លួនឯង….កប់ស៊េរីផែនដីម្មង!» ។

ទោះជាយ៉ាងណាកន្លងទៅ លោក ថៃនរៈសត្យា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងមិនដឹងជាត្រូវប្រតិកម្មចំពោះឡាវ ដែលស្នើដាក់បញ្ចូលចង្វាក់រាំវង់ចូលជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកយ៉ាងម៉េចនោះទេ ព្រោះនេះជាសម្បត្តិវប្បធម៌ ដែលជាតិសាសន៍ដទៃ ដែលមានលក្ខណៈស្រដៀងខ្មែរ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print