ខេត្តកណ្ដាល ៖ មិនដឹងគំនុំពីម្កាលទេ ស្ត្រីម្នាក់ត្រូវឃាតកកាប់សម្លាប់ជាច្រើនកាំបិត រួចញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រះគន្លង ដោយមានការសង្ស័យ ក៏បានរាយការណ៍ទៅអាជ្ញាធរសមត្ថកិច្ចបើកពិនិត្យ មើល ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សពស្រ្តីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ចោលតាំងពីពេលណានោះទេ ។
ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលជំនាញស្រុក នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។
បច្ចុប្បន្ន សមត្ថកិច្ចកកំពុងពិនិត្យកោសល្យវិច្ច័យរកភិនភាគជនរងគ្រោះដែលជនដៃដល់យកទៅទម្លាក់ចោល និងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ