ប្រធានតុលាការកំពូលហ្វុីលីពីនដែលប្រឆាំងនឹងប្រធានាធិបតីឌុយទែរតេ ប្រឈមនឹងបាត់តំណែង

ចែករំលែក៖

លោកស្រី Maria Lourdes Sereno ប្រធានតុលាការកំពូល ហ្វុីលីពីន និងជា បុគ្គលដែលហា៊នប្រឆាំងជាមួយប្រធានាធិបតីឌុយទែរតេ ក្នុងសង្គ្រាមប្រឆាំងគ្រឿង ញៀននោះ នៅពេលនេះ ក្រុមតំណាង រាស្រ្តស្និទ្ធនឹង ប្រធានាធិបតី កំពុងតែរៀប ចំនីតិវិធី ទម្លាក់លោកស្រីពីតំណែង។

ចំណែកប្រធានាធិបតី ឌុយទែរតេបាន បញ្ជាក់ថា លោកមិនមានជាប់ពាក់ព័ន្ធនឹងនីតិវិធីទម្លាក់លោកស្រី Maria Lourdes Sereno នាពេលនេះទេ។

ទោះបីជាលោកឌុយទែរតេបានបញ្ជាក់ពីការមិនលូកដៃចូលក្នុងនីតិវិធីទម្លាក់លោកស្រី Maria ពេលនេះក៏ដោយ ក៏គេដឹងថា លោកឌុយទែរតេធ្លាប់បានថ្លែងគំរាមលោកស្រី Maria ជាច្រើនដងចំពោះពាក្យសម្តីរិះគន់របស់លោកស្រី។ តាមធម្មតា ព្រឹទ្ធ សភានឹងត្រូវពិនិត្យសម្រេចលើនីតិវិធីទម្លាក់លោកស្រី Maria នៅក្រោយខែកក្កដា ខាងមុខ តែក្នុងពេលរង់ចាំនេះ លោកស្រីក៏មិនអាចបន្តអង្គុយលើកៅអីប្រធានតុលាការកំពូលបានដែរ។ កន្លងមក លោកស្រី Leila de Lima ដែលជាសមាជិកព្រឹទ្ធសភា និងជាអ្នកប្រឆាំងនឹងនយោបាយរបស់លោកឌុយទែរតេត្រូវបានគេចាប់ដាក់គុក។

លោកស្រី Maria Lourdes Sereno បានជាប់ចោទពីបទលួចពន្ធ តែនរណាក៏ ដឹងដែរថា ប្រធានតុលាការកំពូលរូបនេះធ្លាប់បានរិះគន់ ទិតៀនលើនយោបាយ ប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែរតេមិនសំចៃមាត់។ គឺហេតុផលមួយនេះហើយដែលបានធ្វើឲ្យលោកស្រី Maria កំពុងប្រឈមនឹងនីតិវិធីទម្លាក់ពីតំណែងដែលរៀបចំដោយក្រុមជំនិតរបស់លោក ឌុយទែរតេនៅក្នុងសភា។ គួរជម្រាបជូនថា លោកស្រី Maria ជាឥស្សរជនម្នាក់ដែល ទទួលបានការគោរពខ្លាំងណាស់នៅក្នុងស្រុក តែគេក៏ហ៊ានទទួលស្គាល់ថា លោកឌុយទែរតេមិនញញើតនឹងកំចាត់នរណាដែលហ៊ានរិះគន់ វាយប្រហារលើលោក ដែរ។

ក្រុមអ្នកប្រឆាំងនឹងលោកឌុយទែរតេបានបរិហារលើចំណាត់ការចំពោះលោកស្រីប្រធានតុលាការកំពូល និងចាត់ទុក ទង្វើនេះថាជាការគំរាមកំហែងដល់ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ សូមជម្រាប ជូនថា នយោបាយប្រឆាំងគ្រឿងញៀនរបស់លោកឌុយទែរតេមិនត្រឹមទទួលការរិះគន់ក្នុងស្រុកប៉ុណ្ណោះទេ តែក៏ទទួលការរិះគន់ពីក្រុមប្រទេសបស្ចិមជាច្រើនដែរ។ ចំណែកតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេក៏បានចាប់ផ្តើមពិនិត្យលើករណីរបស់លោកឌុយទែរតេដែរ ទោះបីជាលោកឌុយទែរតេបានប្រកាសដកហ្វុីលីពីនចេញពីសមាជិករបស់តុលាការអន្តរជាតិមួយនេះក៏ដោយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print