រដ្ឋតិចសាស់សហរដ្ឋអាមេរិកមានករណីគ្រាប់បែកលើកទី៦

ចែករំលែក៖

នៅព្រឹកថ្ងៃទី២១ ខែមីនា នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក មានករណីផ្ទុះគ្រាប់បែកលើកទី៦។ ហេតុការណ៍ផ្ទុះខាងលើកើតឡើង ខណៈដែលកម្លាំងសន្តិសុខបានបើកការស្រាវជ្រាវ លើករណីផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ចាប់តាំងពីដើមខែមីនាមកទល់ពេលនេះ។

កម្លាំងជួយសង្គ្រោះទទួលបានការហៅទូរស័ព្ទ ស្តីពីការផ្ទុះគ្រាប់បែក នៅភាគខាងត្បូងទីក្រុង Austin រដ្ឋ texas។

តាមប្រភពព័ត៌មានពីមន្ទីរសុខាភិបាល Austin បានឲ្យដឹងថា ហេតុការណ៍ផ្ទុះខាងលើ បណ្តាលឲ្យមនុស្សម្នាក់រងរបួសជាទម្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមិនគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ការផ្ទុះខាងលើ កើតឡើងនៅក្នុងហាងមនុស្សធម៌មួយកន្លែងក្នុងក្រុង។

គិតមកដល់ពេលនេះរដ្ឋតិចសាស់មានករណីផ្ទុះសរុប៦លើកហើយ ដោយបានសម្លាប់មនុស្ស២នាក់ និង៦នាក់ទៀតរងរបួស។ ក្រុមសន្តិសុខសង្ស័យថា ការផ្ទុះនេះគឺជាការប៉ុនប៉ងវាយប្រហារ បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងរដ្ឋតិចសាស់។ នៅពេលនេះ កម្លាំងសន្តិសុខបានប្រកាសផ្តល់ប្រាក់រង្វាន់១១៥ពាន់ដុល្លារ ដល់អ្នកណាដែលបានផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកខាងលើ។ មកទល់ពេលនេះ កម្លាំងសន្តិសុខទទួលបានការហៅទូរស័ព្ទជាង៧០០លើក ពាក់ព័ន្ធនឹងវត្ថុសង្ស័យថាជារបស់ផ្ទុះ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កាលពីថ្ងៃទី២០ ខែមីនា មានករណីបាញ់ប្រហារដោយកាំភ្លើង នៅក្នុងសាលារៀន Great Mills ស្រុក Great Mills រដ្ឋម៉ារីឡែន។ កម្លាំងសន្តិសុខក៏បានឡោមព័ទ្ធទីតាំងនោះ ហើយបានហាមប្រាមអាណាព្យាបាលសិស្សចូលទៅជិត។ នៅពេលនេះ មិនមានព័ត៌មានស្តីពីការស្លាប់ ឬរងរបួសនោះឡើយ។

...

ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋអាមេរិកមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការបាញ់ប្រហារដែលកើតឡើងជាបន្តបន្ទាប់នៅក្នុងសាលារៀន។ ការបាញ់ប្រហារដែលសម្លាប់សិស្សច្រើនបំផុតគឺ កាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅសាលារៀន Marjory Stoneman Douglas រដ្ឋ Florida បណ្តាល់ឲ្យសិស្ស ១៧នាក់ស្លាប់៕ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print