ភ្នំពេញ ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់រថយន្តតាក់សុីចំនួន ១០នាក់បន្ថែមទៀតមកណែនាំ បន្ទាប់ពីបានចុះប្រតិបត្តិការឃាត់ដកហូតរថយន្តចំនួន ១០គ្រឿង ខណ:ពេលឈប់ចាប់ដាក់ភ្ញៀវ(ម៉ូយ) បង្ករអនាធិបតេយ្យបណ្តាលអោយមានការកកស្ទះចរាចរណ៌ និងបាត់សណ្តាប់ធ្នាប់ របៀបរៀបរយលើដងមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងយកមករក្សាទុកនៅសាលាខណ្ឌសែនសុខរយះពេល ០៣ថ្ងៃកន្លងមកនេះ ។
កាលពី ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨។
លោក ឆាយ វាសនា នាយករងរដបាលខណ្ឌ បានអោយដឹងថា ៖ ការឃាត់រថយន្តតាក់សុីរក្សាទុកនៅពេលនេះ រដ្ឋបាលខណ្ឌរក្សាទុករយៈពេល ០៣ថ្ងៃតែប៉ុណ្ណោះ ប្រសិនបើថ្ងៃក្រោយឈប់ចតដាក់ភ្ញៀវបង្ករភាពអនាធិបតេយ្យ ហើយឃាត់រថយន្តបានម្តងទៀតនឹងរក្សាទុករយៈពេលយ៉ាងយូរ ១៥ថ្ងៃ ទៅ ៣០ថ្ងៃ និងចាត់ការតាមនីតិវិធីច្បាប់ ដោយមិនមានការផាកពិន័យជាទឹកប្រាក់អ្វីឡើយ ដូចនេះ ខ្ញុំសូមណែនាំដល់ម្ចាស់រថយន្តតាក់សុីទាំងអស់អោយបញ្ឈប់ការចាប់ដាក់ភ្ញៀវនៅលើដងមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីមានគណៈប្រតិភូជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ និងត្រូវរកទីតាំងដាក់ម៉ូយអោយបានត្រឹមត្រូវកុំអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ។
ចំពោះការចុះឃាត់ដកហូតរថយន្តរបស់បងប្អូននេះ ក្នុងគោលបំណងដើម្បីរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ និងដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលអាចកើតមានជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ ក៏ដូចជាបងប្អូនអ្នករត់រថយន្តតាក់សុីផងដែរ ។
ជាចុងក្រោយ រដ្ឋបាលខណ្ឌសែនសុខសូមសំណូមពរអោយបងប្អូនអ្នករត់រថយន្តតាក់សុីទាំងអស់មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណ:អោយបានល្អស្អាត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវទាំងអស់គ្នា ដោយកុំបំពានច្បាប់ និងកុំល្មើសបម្រាមហាមឃាត់របស់អាជ្ញាធរ ៕ ដោយ ៖ តុងសីហា