ភ្នំពេញ៖ ប្រឡូកក្នុងអាជីពចម្រៀងជាច្រើនឆ្នាំ តារាលំដាប់ជួរមុខក្នុងផលិតកម្មថោន កញ្ញា មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ព្រោះតែទេពកោសល្យនៃការសម្តែងក្នុងបទចម្រៀងរបស់នាងកាន់តែប្រសើរ រហូតនាងបានទាំងចេញដឹងនាំការថតមួយចំនួនផងដែរ។ តារាស្រីរូបនេះក៏ទម្លាយដែរថាពេលនេះនាងក៏ដល់ពេលដែលត្រូវប្រឡូក្នុងអាជីពសម្តែងភាពយន្តផងដែរ
មាស សុខសោភា លើកឡើងថានាងកំពុងតែពិចារណាក្នុងការចេញថតភាពយន្តភាគឬភាពយន្តខ្នាតធំជាលើកដំបូងក្នុងអាជីពសិល្បៈ។ ការថ្លែងនេះធ្វើឡើងក្រោយពី តារារូបនេះកាន់តែមានជំនាញក្នុងការសម្តែងជាសាច់រឿង។បទចម្រៀងខ្លីៗជាខ្សែរឿងកាន់តែច្រើនបានជំរុញឲ្យសមត្ថភាពសម្តែងរបស់ មាស សុខសោភា កាន់តែវិវត្តន៍ ដែលនាងអាចសម្តែងបានស្ទើរគ្រប់ចរិកលក្ខណៈរបស់តួទាំងកម្សត់ ទន់ភ្លន់ និងកាចឆ្នាសឆ្នើម។ នាងទទួលស្គាល់ថាមានផលិតកម្ម ជាច្រើនកំពុងតែទាក់ទងឲ្យនាងចូលរួមសម្តែង ប៉ុន្តែនាងនៅមិនទាន់សម្រេចចិត្តទទួលយកការសម្តែងភាពយន្តណាមួយឲ្យប្រាកដនៅឡើយ។ នាងលើកឡើងថា អ្នកគ្រប់គ្រងនិងចាត់ការទូទៅរបស់នាងកំពុងពិនិត្យមើលថាតើរឿងណាដែលសាកសមនិងនាងអាចចូលរួមសម្តែងនៅពេលខាងមុខ។ នាងបញ្ជាក់ដែរថា ពេលនេះនាងក៏ចង់សម្រាកពីការងារសិល្បៈមួយរយៈពេលខ្លីព្រោះតែការងារច្រើនក៏ធ្វើឲ្យនាងនឿយហត់ដែរ ប៉ុន្តែនាងប្រាកដចិត្តថានឹងទទួលយកការសម្តែងណាមួយដែលសាកសមសម្រាប់នាងយកមកសម្តែងព្រោះតែមានភាពយន្តល្អៗជាច្រើនកំពុងស្ថិតក្នុងការជជែកគ្នានោះ។ តារាស្រីរូបនេះរំពឹងដែរថា ស្នាដៃសម្តែងភាពយន្តរបស់នាងលើកដំបូងក្នុងជីវិតសិល្បៈនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះហើយនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
តារាស្រីរូបនេះលើកឡើងដែរថានាងអាចទទួលការថតគ្រប់ផលិតកម្មបានដោយមិនមានបញ្ហា គឺមិនមែនថតបានតែសម្រាប់ផលិតកម្ម ឬទូរទស្សន៍Townនោះទេ។ នាងថាបច្ចុប្បន្នក៏មានអ្នកចម្រៀងជាច្រើនបានចាប់ផ្តើមប្រ ឡូកក្នុ ងអា ជីពជាអ្នកសម្តែង ហើយនាងក៏មានក្តីរំពឹងខ្ពស់ថានាងអាចសម្តែងបានផងដែរ។ គ្រាប់ពេជ្រប្រចាំផលិតកម្មTownរូបនេះលើកឡើងថា បច្ចុប្បន្នវិស័យភាពយន្តមានការរីកចម្រើនគួរសមដែលគ្រប់ផ្នែកទាំងផលិតករ អ្នកបច្ចេកទេសគឺមានជំនាញខ្ពស់ដែលមិនពិបាកនឹងការផលិតភាពយន្តប្រកបដោយគុណភាពនោះទេ សំខាន់គឺទុនវិនិយោគ៕
ដោយ វឌ្ឍនា
![](http://nkdnews.com/wp-content/uploads/2018/03/3E8357A1-B3FF-4028-9C61-7FC52EDAAE96-1334x768.jpeg)