ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងហើយបានជិះម៉ូតូក្នុងល្បឿនលឿនទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ជ្រុលបុកម៉ូតូមួយគ្រឿងទៀតបណ្តាលអោយបាក់ជើងខ្លួនឯងចំណែកភាគីម្ខាងទៀតរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូម៉ាកnex ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1DH 1480 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ពាក់ឯកសណ្ឋានអាវុធហត្ថ ជិះម៉ូតូធុនធំ ពណ៍ ស ពាក់ស្លាកលេខខេមរះភូមិន្ទ 2-1-7777 ទំនងជាស្រវឹង ធ្វើដំណើរឡើងពីផ្លូវក្រោមដីទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ក្នុងល្បឿនលឿនហើយបានរ៉េពេញផ្លូវក៏ជ្រុលបុកម៉ូតូnex ពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូធុនធំរងរបួសបាក់ជើងខាងស្តាំចំណែកភាគីម្ខាងទៀតរងរបួសស្រាល ដោយឡែកម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយបន្ត៕
សុខាសែនជ័យ