ខេត្តកណ្ដាល ៖ មនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ១១៥ ត្រង់ចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ម៉ូតូបង្កម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល1D-1043 ជិះដោយឈ្មោះ លឹម លី ភេទប្រុស អាយុ៣៥ឆ្នាំ (ស្លាប់បាត់បង់ជីវិត) មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកភាគីម៉ូតូម៉ួយគ្រឿងទៀតម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1X-9922 ជិះដោយឈ្មោះ វៀង ថាន់តាយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម (ស្លាប់បាត់បង់ជីវិត) មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូបង្កម៉ាកស្មាស់ ជិះក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូម៉ាកហុងដាឃ្លីកពេញមួយទំហឹង បើកបរក្នុងទិសដៅពីកើតមកលិច បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២គ្រឿងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ក្រុងតាខ្មៅបានចុះអន្ដរាគមន៍កន្លែងកើតហេតុ រួចធ្វើការវាស់វែងដកហូតមធ្យោបាយទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ
...