មជ្ឈមណ្ឌលផ្សារទំនើប២កន្លែងនៅទីក្រុងរ៉ូមត្រូវជម្លៀសជាបន្ទាន់ដោយគំរាមវាយប្រហារ

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលផ្សារទំនើប២កន្លែង នៅទីក្រុងរ៉ូម ប្រទេសអុីតាលី ត្រូវបានអជ្ញាធរជម្លៀសពលរដ្ឋចេញជាបន្ទាន់ ក្រោយរងការគំរាមកំហែងវាយប្រហារដោយគ្រាប់បែក។ ផ្សារទំនើបដែលរងការគំរាមកំហែង មាន Rinascente មានកម្ពស់៨ជាន់ ស្ថិតនៅកណ្តាលទីក្រុងរ៉ូម។ កម្លាំងប៉ូលិសបានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីស្វែងរកវត្ថុសង្ស័យនៅខាងក្នុង។

មជ្ឈមណ្ឌលផ្សារទំនើបផ្សេងទៀត ដែលជាសាខារបស់ Rinascente នៅភាគខាងជើងទីក្រុងរ៉ូម ក៏ត្រូវជម្លៀសពលរដ្ឋចេញផងដែរ ដោយរងការគំរាមកំហែងដូចគ្នា។ ប៉ុន្តែកម្លាំងសន្តិសុខរកមិនឃើញវត្ថុសង្ស័យនៅខាងក្នុងឡើយ។

បណ្តាញទូរទស្សន៍ TG Com TV បានផ្សាយថា សន្តិសុខនៅទីក្រុងរ៉ូម ត្រូវបានរិតបន្តឹងក្នុងពេលដែលអឺរ៉ុបរងការគំរាមកំហែងវាយប្រហារភេរវកម្ម។ កន្លងមកមន្ត្រីស្ថានទូតអុីតាលីនៅទីក្រុង Tunis ប្រទេស Tunisia ទទួលបានលិខិតមួយច្បាប់បញ្ជាក់ថា មានភេរវករម្នាក់ឡើងគម្រោងវាយប្រហារទីក្រុងរ៉ូម។

សារព័ត៌មានក្នុងស្រុកបានផ្សាយថា ពេលនេះកម្លាំងប្រឆាំងភេរវកម្មអុីតាលីកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យ ជាជនជាតិទុយនេស៊ី ឈ្មោះ Mathlouthi Atef អាយុ៤២ឆ្នាំ។ ជនខាងលើត្រូវបានគេសង្ស័យថា បានឡើងគម្រោងវាយប្រហារទីតាំងសំខាន់ៗនៅទីក្រុងរ៉ូម ក្នុងនោះមានផ្សារទំនើប និងស្ថានីយរថភ្លើងដែលជាកន្លែងមានមនុស្សដ៏ច្រើនកុះករនៅទីនោះ។

ហេតុការណ៍ខាងលើ បានកើតឡើងក្រោយពេលមានការបាញ់ប្រហារនៅក្នុងប្រទេសបារាំង បណ្តាលឲ្យមានអ្នកស្លាប់ ៤នាក់ និងរបួស១៥នាក់។ ការអង្កេតក៏កំពុងដំណើរការទៅមុខ ហើយគេក៏ផ្តើមស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលប្រកាសខ្លួនជាទាហានរបស់អង្គការរដ្ឋអ៊ីស្លាមកាន់តែច្បាស់។

ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នោះ គឺមានលោក អារណូ បែលត្រាម Arnaud Beltrame វរសេនីយ៍ឯក នៃកងអាវុធហត្ថបារាំង ដែលបានប្រថុយជីវិតរបស់ខ្លួន ទៅសង្គ្រោះចំណាប់ខ្មាំង នៅក្នុងព្រឹត្តិការណ៍វាយប្រហារភេរវកម្មក្នុងទីផ្សារ ភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែមីនា ហើយត្រូវបានខ្មាន់កាំភ្លើងបាញ់ឲ្យរបួសធ្ងន់ រួចក៏ដាច់ខ្យល់ស្លាប់តែម្តង។

វីរភាពរបស់លោកវរសនីយ៍ឯក គឺបានទទួលការកោតស្ញប់ស្ញែញជាឯកច្ឆ័ន្ទ ពីគ្រប់មជ្ឈដ្ឋាន ដោយគេបាននិយាយថា “ពលីដើម្បីមាតុភូមិ” គ្មានថ្ងៃបារាំងបំភ្លេចវីរភាព និងភាពក្លាហ៊ានរបស់អ្នកទេ។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក៏បានកោតសរសើរពីវីរភាពរបស់លោក អារណូ បែលត្រាម ជាខ្លាំង ដែលលោកបានស្ម័គ្រចិត្តយកជីវិតផ្ទាល់ខ្លួន ទៅប្តូរដើម្បីសេរីភាពជនស៊ីវិលប្រមាណ៥០នាក់ ដែលត្រូវជាប់ជាចំណាប់ខ្មាំងរបស់ភេរវជន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print