នាយករដ្ឋមន្ត្រីថៃព្រមានថាការបោះឆ្នោតពិបាកប្រព្រឹត្តទៅដោយរលូន

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៣ ខែមីនា ដោយដកស្រង់សម្តីអ្នកនាំពាក្យនាយករដ្ឋមន្ត្រីថៃ លោក Sansern Kaewkanerd បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា បង្ហាញ ក្តីបារម្ភយ៉ាងខ្លាំងថា ស្ថានភាពអសណ្តាប់ ធ្នាប់ នាពេលនេះអាចបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបោះឆ្នោតនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បញ្ជាក់ ថា បើទោះបី នាយករដ្ឋមន្ត្រីព្យាយាមយ៉ាងខ្លាំង ហើយស្ថានភាពប្រទេសជាតិមានការរីកចំរើនខ្ពស់បើប្រៀបធៀបនឹងឆ្នាំ២០១៤ ពេលយោធាធ្វើរដ្ឋប្រហារ។ ប៉ុន្តែ នៅមានក្រុមជ្រុលនិយមមួយចំនួនបានព្យាយាម បង្កអសន្តិសុខតាមរយៈធ្វើបាតុកម្មដោយខុសច្បាប់។

កន្លងមកថ្មីៗ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ ចំនួនជាង៣០០នាក់ បានដើរ ដង្ហែក្បួនទៅកាន់ទ្វារទីបញ្ជាការកងទ័ពក្នុងទីក្រុងបាងកក ដើម្បីអំពាវនាវឲ្យទាហាន ដកការគាំទ្ររបស់ពួកគេ ពីរដ្ឋាភិបាល យោធា ដែលកាន់អំណាចក្នុងប្រទេសនាពេលបច្ចុប្បន្ន។

សារព័ត៌មានរ៉យទ័របានផ្សាយថា បាតុករបានទាមទារឲ្យទាហានបញ្ចប់ការគាំទ្រ ចំពោះរដ្ឋាភិបាលយោធា ដែលកាន់ អំណាច ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ប៉ុន្តែពួកគេក៏បាននិយាយផងដែរថា ពួកគេមិនចង់បានការគ្រប់គ្រង ដោយ យោធាណាមួយផ្សេងទៀតដែរ។

លោក រ៉ាងស៊ីម៉ាន រ៉ូមី ជាមេដឹកនាំបាតុ ករមួយរូប បាននិយាយប្រាប់កាសែត រ៉យទ័រដូច្នេះថា “យើងចង់បានការផ្លាស់ប្តូរ ដោយសន្តិភាព ហើយវាដល់ពេលដែល ទាហាននិងសង្គមថៃទាំងអស់ត្រូវបញ្ឈប់ការគាំទ្រ ចំពោះរដ្ឋាភិបាលយោធា ហើយ មករួមគ្នាជាមួយប្រជាជន”។

ជាមួយគ្នានោះបាតុករបានស្នើឲ្យ ឈប់ពន្យារពេលបោះឆ្នោត រហូតដល់ ឆ្នាំ២០១៩ គឺត្រូវបោះឆ្នោតនៅឆ្នាំ២០១៨នេះ។ឆ្លើយតបនឹងសំណើខាងលើ អ្នកនាំពាក្យកម្លាំងទាហានថៃបានបញ្ជាក់ថា ការបោះឆ្នោត នឹងត្រូវធ្វើឡើងតាមការ កំណត់ ហើយកម្លាំងទាហាននិងរដ្ឋាភិបាលមិនអាច កាត់ផ្តាច់ពីគ្នាឡើយ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print