លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនស្ងាត់ៗ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេសង្ស័យថាបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោកទៅក្រៅប្រទេស ចាប់តាំងពីលោកឡើងកាន់តំណែងដឹកនាំកូរ៉េខាងជើង។

សារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៦ ខែមីនា បានផ្សាយថា យោងតាមប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ប៉ុន្តែព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនោះមិនត្រូវបានផ្សព្វផ្សាយឡើយ។

ក្នុងពេលជាមួយគ្នានេះ សារព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា រថភ្លើង១គ្រឿង ត្រូវបានការពារសន្តិសុខយ៉ាងតឹងតែងបំផុត ដោយនៅក្នុងនោះ មានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ធ្វើដំណើរទៅកាន់ប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានផ្សាយថា អ្នកនៅខាងក្នុងរថភ្លើងអាចជាមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។

សារព័ត៌មាន AP បានផ្សាយថា សន្តិសុខបានការពារយ៉ាងតឹងតែងបំផុត នៅត្រង់ចំណុចស្ពានមិត្តភាពរវាងចិន នឹងកូរ៉េខាងជើង នៅពេលដែលរថភ្លើងឆ្លងកាត់ទីនោះទៅកាន់ទីក្រុងប៉េកាំង។

ចំណែកសារព័ត៌មាន NTV បានផ្សាយថា រថភ្លើងខាងលើត្រូវបានលាបពណ៌ខៀវ និងលឿងដោយមាន២១ទូ ដូចរថភ្លើងដែលដឹកអតីតមេដឹកនំា គីម ជុងអ៊ីល ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១១។ រូបភាពវីដីអូដែលបានផ្សព្វផ្សាយ ដោយសារព័ត៌មាន NTV បានបង្ហាញឲ្យឃើញថា សន្តិសុខនៅស្ថានីយរថភ្លើង នៃទីក្រុងប៉េកាំង ត្រូវបានរឹតបន្តឹង ដោយមានវត្តមានរបស់ទាហានចិន និងក្បួនរថយន្តទំនើប Mimousine។

កាលពីយប់ថ្ងៃទី២៦ ខែមីនា ស្ថានីយរថភ្លើងទីក្រុងប៉េកាំងជាច្រើន ត្រូវបានផ្អាករយៈពេល២ម៉ោង ដោយមិនផ្តល់ពីមូលហេតុនោះឡើយ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ផ្លូវថ្នល់សំខាន់ៗនៅទីក្រុងប៉េកាំង ត្រូវបានបិទ និងមានការយាមល្បាតយ៉ាងតឹងតែងបំផុត ចំណែកអ្នកទេសចរណ៍ក៏បានស្នើរឲ្យចាកចេញពីវិមាន ធៀនអានមែន ផងដែរ។

ព័ត៌មានស្តីពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្វើឡើងក្នុងពេលដែល លោកជិតមានជំនួបជាន់ខ្ពស់ជាមួយមេដឹកនាំកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន និងមេដឹកនាំអាមេរិក ដូណាល់ ត្រាំ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា បើទោះបីចិនបានចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើង ដើម្បីគោរពទៅតាមច្បាប់របស់អង្គការសហប្រជាជាតិ តែចិនមិនដែលគិតបោះបង់កូរ៉េខាងជើងនោះឡើយ។ ផ្ទុយទៅវិញ កូរ៉េខាងជើងក៏ដូច្នេះដែរ ទោះបីខាងក្រៅក្រៅថ្កោលទោសចិន តែប្រទេសទាំង២លួចមានទំនាក់ទំនងក្រៅផ្លូវច្បាប់ដដែល។ ដោយសារតែមានចិនជាខ្នង បង្អែកដ៏រឹងមាំ ទើបកូរ៉េខាងជើងហានតតាំងជាមួយអាមេរិកដល់ទីបំផុត និងសម្រេចបាននូវកម្មវិធីបរមាណូ អាចវាយប្រហារដល់ទឹកដីអាមេរិក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print