ខេត្តព្រះវិហារ ៖ ប្រភពព័ត៌មានបានអោយដឹងថា រថយន្តមួយគ្រឿងផ្ទុកឈើពេញព្រៀបបានឆេះយ៉ាងសន្ធោសន្ធៅនៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ក្នុងភូមិរំចេក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍បានអោយដឹងថា បន្ទាប់ពីមានករណីឆេះរថយន្តផ្ទុកឈើខាងលើនេះ ក៏មានការអន្តរាគមន៍ពីក្រុមជំនាញ បានចេញរថយន្តមកបាញ់ទឹកពន្លត់ ប៉ុន្តែទោះយ៉ាងណារថយន្តនិងឈើបានឆេះអស់នៅសល់តែឆ្អឹងដែករថយន្តប៉ុណ្ណោះ ។
សមត្ថកិច្ចស្រុករវៀងដែលបានចុះទៅអន្តរាគមន៍បានអះអាងថា មូលហេតុដែលបង្កអោយរថយន្តនេះឆាបឆេះ គឺដោយសារតែឆ្លងចរន្តអគ្គិសនី ។
គេសង្កេតឃើញថា ការជួញដូរឈើ ប្រើរូបភាពដឹកតាមរថយន្តគ្រប់ប្រភេទ នៅតែបន្តកើតមានមិនដាច់សោះឡើយ ខណ:នៅតាមដងផ្លូវមានសមត្ថកិច្ចជំនាញជាច្រើនស្ថាប័ន ប៉ុន្តែពួកគាត់ខ្សោយភ្នែក ដូច្នេះហើយទើបបទល្មើសដឹកជញ្ជូនឈើបង្កលក្ខណ:ងាយស្រួលដល់ក្រុមឈ្មួញ ។ បើទោះយ៉ាងណាក្នុងនាម សមត្ថកិច្ចស៊ីប្រាក់ខែរដ្ឋ មានភារកិច្ចតួនាទីបង្ក្រាប គួរនាំគ្នាបង្ក្រាបទៅ ជៀសវាងការចោទប្រកាន់ពីប្រជាពលរដ្ឋថារក្សាទុកបទល្មើស ដើម្បីចិញ្ចឹមឆ្នាំង? ? ៕ វណ្ណៈ