ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានធ្វើការឃាត់ខ្លួនជនជាតិឥស្លាមសញ្ជាតិវៀតណាម ក្មេង-ចាស់ចំនួន២៧នាក់បញ្ជូនទៅកាន់ការិយាល័យជំនាញនគរបាលនៃស្នងការខេត្តគ្រាដែលពួកគេឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ។
ការឃាត់ខ្លួនជនជាតិឥស្លាមសញ្ជាតិវៀតណាមនេះបានធ្វើឡើងនៅថ្ងៃ សៅរ៍ ៥ កើត ខែ ចេត្រ ឆ្នាំរកានព្វស័កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនាឆ្នាំ២០១៨នៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ការឃាត់ខ្លួននេះលោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យលោកស្នងការនគរបាលខេត្តធ្វើការស្រាវជ្រាវលើករណីនេះឲ្យបានល្អិតល្អន់បំផុតដើម្បីធ្វើការបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនិតិវិធីបន្ត។
លោក ស្វាយ សំអ៊ាង បានថ្លែងថាបន្ទាប់ពីការិយាល័យជំនាញធ្វើការស្រាវជ្រាវបានរកឃើញថាពួកគេជាជនជនជាតិឥស្លាម សញ្ជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណវៀតណាមមកពីខេត្តអាងយ៉ាង ប្រទេសវៀតណាម ឆ្លងដែនចូលមកកម្ពុជាចូលទៅ ក្នុងស្រុកកោះធំ ខេត្តកណ្តាលគ្មានលិខិតឆ្លងដែនឆ្ពោះទៅកាន់រាជធានីភ្នំពេញ កំពង់ចាម ប្រើរយៈពេលជាង៣ខែ បន្តមកកាន់ខេត្តមណ្ឌលគិរីត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រុមអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់សរុប២៧នាក់ ស្រីចំនួន១១នាក់ ក្នុងនោះជំនាញបានរកឃើញមនុស្ស៣នាក់ខាងលើកាន់អត្តសញ្ញាណប័ណ្ណខ្មែររួមទាំងម៉ូតូចំនួន១៣គ្រឿង។
ស្នងការខេត្តមណ្ឌលគិរី បានបញ្ជាក់ថាមន្រ្តីសមត្ថកិច្ចជំនាញនិងបន្តធ្វើការស្រាវជ្រាវរកមេខ្លោងដែលសម្រួលដល់ក្រុមនេះឲ្យមកកាន់ទឹកដីនៃខេត្តមណ្ឌលគិរីនេះ។
នៅវេលាម៉ោងជាង៩ព្រឹក ព្រឹក ថ្ងៃអាទិត្យ ១ រោច ខែចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ២៥៦១ត្រូវនឹងថ្ងៃទី១ខែមេសាឆ្នាំ២០១៨នេះមន្រ្តីនគរបាលខេត្តមណ្ឌលគិរីបានធ្វើការបញ្ជូនជនអន្តោប្រវេសន៍ តាមរយៈរថយន្តឈ្នួលពីខេត្តមណ្ឌលគិរីទៅនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការតាមនីតិវិធី៕ ដោយ:ជីវន្ត