ចំនួនភ្ញៀវទេសចរបរទេសចូលមក ទស្សនានៅកម្ពុជាកើនឡើង១៥.២៤ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ ផ្អែកតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលទេសចរបានឲ្យ ដឹងថា ចំនួនភ្ញៀវទេសចរណ៍បរទេសបាន ចូលមកទស្សនា និងកម្សាន្តក្នុងព្រះរាជា ចក្រកម្ពុជា មានអត្រាកើនឡើងជាលំដាប់។

តាមទិន្នន័យបានបង្ហាញថា ក្នុងត្រីមាស​ទី១ ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរបរទេសសរុបមាន១,៨៦៨,៥៩៨នាក់ នេះបើ​ប្រៀប​​ ​ធៀបត្រីមាសទី១ ឆ្នាំ២០១៧កើនឡើង ២៤៧,១៧២នាក់ស្មើ១៥.២៤ភាគរយ។

របាយការណ៍បានបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃចន្ទ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសដែលនាយកដ្ឋាននគរបាលទេសចរណ៍បានរៀបចំកម្មពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងដកបទពិសោធន៍ នគរបាលទេសចរទូទាំងប្រទេសប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ របស់ខ្លួននៅសាល ប្រជុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរងនគរបាលជាតិ តំណាងលោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក​ឧត្តម សេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាននាយក ដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋាន នាយ នាយរងការិយា ល័យ អង្គភាព ចំណុះនាយកដ្ឋាន ស្នងការ រងទទួលផែន ទេសចរណ៍ អង្គភាពការិយា ល័យ នៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្តសរុប១២០នាក់។

លោកឧត្តមសេនីយ៍ត្រី ចាន់ សារឿន អនុប្រធាននាយកដ្ឋានបានឲ្យដឹងថា ភាព វិជ្ជមាន នៃកំណើនទេសចរបរទេសដោយ សារការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស ស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់បានល្អប្រសើរ។

លោឧត្តមសេនីយ៍ត្រី ចាន់ សារឿន បន្ត លើកឡើងឲ្យដឹងបន្ថែមថា កត្តាសុខសន្តិភាពនេះបានធ្វើឲ្យភ្ញៀវទេសចរបរទេស មានជំនឿមកលើព្រះរាជាណា​ចក្រកម្ពុជា ហើយកំណើនភ្ញៀវទេសចរបរ​ទេសបាន​កើនឡើង១៥.២៤​ភាគ​រយ គួរឲ្យកត់​សម្គាល់។ ក្នុងនោះបទល្មើស​ឆក់លើជនបរទេសបានថយចុះ២.៤៣ភាគរយទេសចរ រងគ្រោះដោយឧបទ្ទវហេតុថយចុះ៤០.២៧ភាគរយការភ្លេចសម្ភារ និងជ្រុះបាត់របស់ភ្ញៀវទេសចរថយចុះ២៦.៨៦ភាគរយ ការ ទទួលពាក្យបណ្តឹងថយចុះ​២៤.៨៧ភាគ រយ ជាពិសេសបានស្រាវជ្រាវរកឃើញ សម្ភារហើយប្រគល់ជូនភ្ញៀវទេស​ចរវិញ៤៥ នាក់មាន លិខិតឆ្លងដែន​១៨​ក្បាល ម៉ាស៊ីន ថតរូប៨គ្រឿង កុំព្យូទ័រ៩​គ្រឿង ទូរស័ព្ទដៃ ១៥គ្រឿង អាយផេត​៤គ្រឿង អត្តសញ្ញាណ បណ្ណ៨ក្បាល បណ្ណបើកបរ៧ក្បាលប័ណ្ណ ឥណទាន​៥៣សន្លឹកកាបូបចំនួន៤ផងដែរ។

ជាមួយគ្នានេះផងដែរ នាយឧត្តម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរ​បាល​ជាតិ ក៏បានធ្វើការកោតសសើរដល់សមត្ថកិច្ចនគរបាលទេសចរណ៍ដែលបានខិតខំប្រឹងប្រែងដោះស្រាយជូនភ្ញៀវទេសចរបរទេសទាន់ពេលវេលា ហើយកត្តាខាងលើនេះហើយដែលធ្វើឲ្យភ្ញៀវទេសចរបរទេសមានជំនឿមកលើ កងកម្លាំងសមត្ថកិច្ចក្នុងការរក្សា សន្តិសុខ សុវតិ្ថភាព និងដោះស្រាយរាល់បញ្ហាបានប្រសើរជូនភ្ញៀវ។

លោកនាយឧត្តមសេនីយ៍ក៏បានផ្តល់អនុសាសន៍បន្ថែមដល់នគរបាលទេសចរណ៍ ធ្វើយ៉ាងណាបន្តពង្រឹងតំបន់ទេសចរឲ្យបានខ្លាំងក្លា និងសហការជាមួយស្ថាប័នពាក់​ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍រាជធានី-ខេត្តចុះណែនាំដល់ពលរដ្ឋលក់ដូរក្នុងតំបន់ទេសចរណ៍ទាំងនោះ កុំតម្លើងថ្លៃទំនិញ​ទេស​ចរណ៍កន្លែងស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារ ចៀសវាងផលប៉ះពាល់អារម្មណ៍​ ភ្ញៀវទេស ហើយពួកគេនិងពាំនាំពាក្យទាំងនេះតៗគ្នាទៅក្រៅប្រទេសធ្វើឲ្យភ្ញៀវខ្លាច​រអាលែងហ៊ានចូលទស្សនាប្រទេស​កម្ពុជា ។

បន្តពង្រឹងស្តាប់សភាពការណ៍ជនខិលខូចដែលមានបំណងមិនល្អណាមួយដល់ ប្រទេសកម្ពុជាការប្រមូលផ្តុំតាមរយៈទេសចរណ៍ ការលើកបដាប្រឆាំងនេះប្រឆាំងនោះ ការចលនាប្រមូលផ្តុំបដិវត្តពណ៌ ការធ្វើ​ទេសចរណ៍ផ្លូវភេទ ការ​សេព​គ្រឿងញៀន និងជាពិសេសត្រូវតាមដានមើលរាល់សកម្មភាពអ្នកនាំភ្ញៀវ អ្នកបកប្រែបំភ្លៃឯកសារ បំភ្លៃប្រវតិ្ត​សាស្ត្រជាដើម ត្រូវសហការជា មួយស្ថាប័នពាក់ព័ន្ធឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះក៏មានការចែកជូនប្រអប់ពេទ្យសង្គ្រោះបឋមដល់ អង្គភាពទេសចរណ៍ការិយាល័យទេសចរណ៍រាជធានី-ខេត្ត ចំនួន១០០ប្រអប់ និងផ្តល់ជូនអ៊ូប័រ២គ្រឿងដល់អង្គភាពទេសចរណ៍ខេត្តព្រះសីហនុ ម៉ូតូ​៥០គ្រឿងដល់អង្គ ភាពរាជធានី-ខេត្ត និងរថយន្ត២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ផ្តល់ជូនបំរើវិស័យជំនាញឲ្យមានប្រសិទិ្ធភាព ពិសេសការពារភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និង សង្ក្រាននាពេលខាងមុខនេះ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print