នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកងកម្លាំងនគរបាលជាតិប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់កងកម្លាំងទាំងអស់នៅជួរមុខ រួមទាំងគ្រួសារ ជូនពរជួបប្រទះពុទ្ធពរទាំង៤ប្រការ និងសូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ មន្រ្តីពលីទាំងអស់ សូមទៅកាន់សុគតិភព ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា រៀងរាល់ថ្ងៃរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការជំនួយឧបត្ថម្ភ និងផ្គត់ផ្គង់របប​ហូបចុក សម្ភារបរិក្ខារ ជូនដល់កងកម្លាំងនគរបាលជាតិទាំងអស់ ។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានថ្លែងការកោតសរសើរលើកទឹកចិត្ត វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្មារតី និងការតស៊ូ អំណត់ព្យាយាម ប្រឈមគ្រប់ឧបសគ្គ ក្នុងកិច្ចការពារនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពតាមព្រំដែនឲ្យមានភាពល្អប្រសើរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បញ្ជាក់ថា  សមរភូមិក្រោយជួយគាំទ្រសមរភូមិមុខ សមរភូមិក្រោយមានភារកិច្ចរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្លាប់ ជូនប្រជាពលរដ្ឋ រីឯសមរភូមិមុខ មានភារកិច្ច ការពារបូរភាពទឹកដីអោយបានគង់វង្ស ដូច្នេះទាំងសមរភូមិក្រោយ​ និងសមរភូមិមុខ មានភារកិច្ចសំខាន់ដូចគ្នា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគោរពវិន័យ សីលធ៌មរបស់កងកម្លាំង ជាពិសេសត្រូវយកចិត្តទុក្ខដាក់ ដល់មន្រ្តីចូលនិវត្តន៍ ពិការ និងគ្រួសារ​មន្រ្តីពលី ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានសំណូមពរដល់កងកម្លាំងទាំងអស់ឲ្យចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសចូលរួមក្នុងការបង្ការ បង្រ្កាប បទល្មើសផ្សេងៗ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅពេលមានគ្រោះអាសន្នជាយថាហេតុផងដែរ ។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជូនពរដល់កម្លាំងនគរបាលជាតិទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ចក្នុងកិច្ចការពារបូរណភាពទឹកដី ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសរនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ      ឆ្នាំ២០១៧កន្លងទៅកងកម្លាំងនគរបាលការពារព្រំដែនបានរួមសហការជាមួយកងយោធពល ខេមរភូមិន្ទអនុវត្តភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងទិសភូមិភាគទី៤ ប្រវែង៤៥៩គ.ម ស្ថិតក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ពិសេសការពារបូរណភាពទឹកដីនៅតំបន់ប្រសាទព្រះវិហារបានយ៉ាងរឹងមាំ និងរក្សាបានសន្តិសុខ  សណ្តាប់ធ្នាប់ជូមប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនប្រកបដោយសុវត្ថិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា នគរបាលការពារព្រំដែន បានលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងសមត្ថកិច្ចប្រទេសជិតខាងដើម្បីទំនាក់ទំនង និងផ្លាស់ប្តូរសភាពការណ៍ ផ្តល់ព័ត៌មានអោយគ្នាទៅវិញទៅ មកដោយឈរលើស្មារតីយោគយល់ និងជាអ្នកជិតខាងល្អ ធ្វើអោយរក្សាបានព្រំដែនសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បាននាំយកថវិកាជិត ៣០០លានរៀល និងគ្រឿងឧបភោគបរិភោគមួួួយចំនួន ប្រគល់ជូនកងកម្លាំងនគរបាលជាតិទិសភូមិភាគ៤ ផងដែរ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print