ខេត្តកណ្តាល៖ជនសង្សយ័ម្នាក់ជាជើងខ្លាំង ខាងលួច និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីលើកហើយ ដល់ពេលចេញមកវិញ រកសីុជួញដូរគ្រឿងញៀន ត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ពុធ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី នៅចំណុច ភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថាជនសង្ស័យឈ្មោះ អុល គៀន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញៀន ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៧កញ្ចប់ ក្នុងនោះ ធំ ០៣កញ្ចប់ , តូច ១៤កញ្ចប់ កញ្ចប់បារីចំនួន១កញ្ចប់។
លោកអធិការបញ្ជាក់ថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ អុល គៀន បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៧កញ្ចប់ (ធំ ០៣កញ្ចប់ , តូច ១៤កញ្ចប់) នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អុល គៀន បានសារភាពថាខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពី ឈ្មោះ តុលា ភេទប្រុស អាយុ ២៨ឆ្នាំ នៅចំណុចភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ០១កញ្ចប់ធំ តម្លៃ១០០$(មួយរយដុល្លារ) ដើម្បីយកមកលក់បន្ត។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ អុល គៀន ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ០៨ខែ ពីបទ លួច កាលពីឆ្នាំ២០១៦និងជាប់ពន្ធនាគារព្រៃសបទលួចរយៈពេល០៩ខែឆ្នាំ២០១៧។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕ ឆ ដា