ខេត្តត្បូងឃ្មុំ ៖ រោងសិប្បកម្មចំហុយជ័រកៅស៊ូក្រែបទំហំ ៣០គុណ៧០ម៉ែត្របានរងការឆាបឆេះអស់ប្រមាណ៧០ ភាគរយ ដែលផ្តើមឡើងពីគំនរអុសសម្ងួតទៅប៉ះនឹងឡចំហុយជ័រកំពុង មានកម្តៅឡើងខ្លាំងបណ្តាលអោយឆេះ តែម្តង ។
គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ឋិតនៅចំណុចគីឡូម៉ែត្រលេខ៤១ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្ចាស់សិប្បកម្មឈ្មោះ ត្រាយ ប៉េងសេង ភេទប្រុស អាយុ៥៧ឆ្នាំ ។
ម្ចាស់សិប្បកម្មបានអោយដឹងថា ករណីឆេះនេះបានបង្កឲ្យខូចខាតរោងសិប្បកម្ម (ឡចំហុយជ័រកៅស៊ូក្រែប) ទំហំ ៣០x ៧០ ម៉ែត្រ ប្រមាណជា៧០% និងអុសឈើកំពស់២ទៅ៣ម៉ែត្រ សរុប៣០០ម៉ែត្រគូប ។ ប៉ុន្តែមិនបង្កឲ្យរបួស ឬប៉ះពាល់ដល់អាយុជីវិតមនុស្ស និងផ្ទះសំបែងប្រជាពលរដ្ឋនៅជិតខាងនោះឡើយ ។
តាមការបញ្ជាក់មូលហេតុពីកម្មករបានឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះនេះមកពីគំនរអុសឈើនោះស្ងួត ទៅប៉ះនឹងឡចំហុយជ័រកំពុងដុតមានកំដៅក្តៅខ្លាំងបណ្តាឲ្យឆាបឆេះតែម្តង ។
កម្មករបញ្ជាក់បន្តថា អុសមកម្តងៗ កម្មករចេះតែរើបោះពីលើរថយន្តគរលើគ្នាដោយគ្មានសណ្តាប់ធ្នាប់ ហើយបានធ្លាក់រាលទៅជាប់នឹងជញ្ជាំងឡចំហុយជ័រកៅស៊ូដែលដុតស្ទើរតែ ២៤/២៤ ម៉ោង ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំបានអោយដឹងថា បន្ទាប់ពីមានហេតុការណ៍ឆេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងនគរបាលស្រុកមេមត់ចុះទៅអន្តរា គមន៍ភ្លាមៗ ដោយសហការជាមួយរថយន្តពន្លត់អគ្គីភ័យស្រុកតំបែរ , រថយន្តស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ និងមានជួយពន្លត់ពីរថយន្តទឹករបស់ក្រសួងអភិវឌ្ឍជន បទ រហូតដល់ម៉ោង៩ និង៥៥នាទី ទើបរលត់ជាស្ថាពរ ៕ វណ្ណះ