សារព័ត៌មាន Yomiuri របស់ជប៉ុនបាន ផ្សាយនៅថ្ងៃទី៥ ខែមេសាថា សេតវិមាន បានគិតដល់ ដំណោះស្រាយដោយផ្តល់លក្ខខណ្ឌដែលមានប្រយោជន៍ជាច្រើន ដល់កូរ៉េខាងជើង ដើម្បីដោះដូរនឹងការ លុបចោលកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ។
ក្នុងរយៈពេលកន្លងមក ទំនាក់ទំនង រវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង មាន ភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ហើយ ភាគីទាំងសងខាងបានត្រៀមលក្ខណៈរួចរាល់នៅក្នុងការ អង្គុយតុពិភាក្សាគ្នា បញ្ចប់វិបត្តិដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមក។
សារព័ត៌មាន KBS របស់កូរ៉េខាងត្បូង បានផ្សាយថា នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិនស៊ី ជីនពីងនៅទីក្រុង ប៉េកាំង កាលពីខែមីនាកន្លងមក មេដឹកនាំកូរ៉េខាង ជើងគីម ជុងអ៊ុន បានបញ្ជាក់ថា ខ្លួននឹង បោះបង់កម្មវិធីបរមាណូ ប្រសិនបើកូរ៉េខាង ត្បូង មានសុឆន្ទៈ បង្កើតបរិយាកាសសន្តិ ភាពស្ថិរភាព នៅក្នុងតំបន់។ទន្ទឹមនឹងនោះ នឹងបង្កើនកិច្ចពិភាក្សា ដើម្បីស្វែងរកសន្តិ ភាពយូរអង្វែង។
ក្រោយពេលទទួលបានការគាំទ្រពីចិនហើយនោះកូរ៉េខាងជើង ក៏បានខិតខំស្វែង រកការគាំទ្រ ពីរុស្សុីផងដែរ ។ ក្រសួងការ បរទេសរុស្ស៊ីបានប្រកាសថា រដ្ឋមន្ត្រីការ បរទេស Gergei Lavrov និងរដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង នឹងជួបពិភាក្សាគ្នានៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយនេះ។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរនឹងពិភាក្សា គ្នាផ្តោតសំខាន់ទៅលើទំនាក់ ទំនងទ្វេភាគី ក៏ដូចជាវិធីសាស្ត្រ ដោះស្រាយបញ្ចប់វិបត្តិនៅឧបទ្វីបកូរ៉េ។
ក្នុងពេលជាមួយគ្នានេះប្រធានាធិបតី កូរ៉េខាងត្បូង និងប្រធានាធិបតីអាមេរិក ក៏បានត្រៀមលក្ខណៈ ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នៅចុង ខែមេសា និងឧសភាខាងមុខនេះដែរ។ មុនកិច្ចប្រជុំកំពូលខាងលើ ក៏មានកិច្ចប្រជុំពិភាក្សារវាងអាមេរិក កូរ៉េខាងត្បូង និង ជប៉ុននៅរដ្ឋផ្លរីដារយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៧-១៨ខែមេសា ។ប្រធានបទនៃកិច្ច ពិភាក្សាគឺលុបបំបាត់បរមាណូនៅកូរ៉េខាងជើង។
ការសងសំណងហិរញ្ញវត្ថុដល់កូរ៉េខាងជើង ជាការដោះដូរក្នុងការបញ្ចប់កម្មវិធី បរមាណូ គឺជា ប្រធានបទសំខាន់ ដែល បានពិភាក្សា៦ភាគីកាលពីឆ្នាំ២០០៣ ប៉ុន្តែ នៅឆ្នាំ២០០៨ កិច្ចពិភាក្សា ៦ភាគីត្រូវ បានលុបចោល ហើយកូរ៉េខាងជើង នៅតែបន្តកម្មវិធីបរមាណូរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលកូរ៉េខាងជើង ទទួល បានជោគជ័យនៅក្នុងការសាកល្បង កាំជ្រួច មីស៊ីលឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់ បរមាណូ បង្រួមតូចធ្វើឲ្យអាមេរិក និង ប្រទេសក្នុងតំបន់ព្រួយបារម្ភយ៉ាងខ្លាំង ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ក្រោយពេលដែលកូរ៉េខាងជើងទទួលបានជោគជ័យទាំងស្រុង នៅក្នុងកម្មវិធី បរមាណូរបស់ខ្លួន ទើបប្រទេសនេះបន្ទន់ ឥរិយាបថ ជំរុញឲ្យមានកិច្ចពិភាក្សា ដោយ កូរ៉េខាងជើង មានមានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីនិយាយគ្នាពីលក្ខណ្ឌជាមួយប្រទេសមហាអំណាចពិភពលោក ។ នៅពេលនេះ បើអាមេរិក ចង់សងសំណងដល់កូរ៉េខាងជើងក៏ថ្លៃជាងមុនដែរ ៕ ម៉ែវ សាធី