ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនចំនួន៣នាក់ កាលពីវេលាម៉ោង២ទាបភ្លឺថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៦កញ្ចប់តូច ,អាវុធមួយដើម និងម៉ូតូ២គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ជនសង្ស័យ ទី១-ឈ្មោះលឹម តៃហូ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ ជាព្រូឡានដឹកទំនិញ មានទីលំនៅក្នុងភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ទី២-ឈ្មោះ ចក់ នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិពោធិ៍ក្រោម ឃុំទ្រើយស្លា ស្រុកស្អាង និងទី៣-ឈ្មោះ សែ វិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ។ ដោយឡែកវត្ថុតាងដែលដកហូតនោះរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៦កញ្ចប់តូច ,អាវុធ(ដាវ)០១ដើម ,ម៉ូតូ២គ្រឿង ម៉ាកស៊ុយហ្ស៊ូគី និច ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខលេខកណ្តាល1U-8777 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល1N-6067 ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅបានសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលទាំង៦ប៉ុស្តិ៍ ចេញល្បាតតាមគោលដៅងាយរងគ្រោះ ខណៈកំពុងល្បាតបានប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងនៅវេលាទាបភ្លឺឆ្ពោះទៅស្រុកស្អាងគួរឲ្យសង្ស័យ ទើបកម្លាំងល្បាតតាមស្ទាក់ឲ្យឈប់សុំធ្វើការឆែកឆេរ រកឃើញមានវត្ថុតាងជាក់ស្តែងឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ