ភ្នំពេញ ៖ ប្រភពព័ត៌មានបានអោយដឹងថានៅម៉ោងប្រមាណ៤ និង៤០នាទីទាបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅ មុខហាង The Coner 136 ប្លុក Bar បារាំង តាមបណ្ដោយផ្លូវលេខ១៣៦ កែងផ្លូវ លេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធចំនួន២គ្រាប់ ក្នុងការបាញ់គំរាម ។
ក្រោយមានករណីផ្ទុះអាវុធនេះឡើង សូម្បីតែសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបានព្យាយាមលាក់បាំងព័ត៌មាន ខណៈហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើល ។
ជនរងគ្រោះ ឈ្មោះ ឈាវ វណ្ណា អាយុ២៤ឆ្នាំ មុខរបរកឹបសំបុត្រម៉ូតូ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បានដើរសួររកប្រពន្ធ ដែលធ្វើការនៅហាងមួយកន្លែង ជិតចំណុចកើតហេតុ ខណៈរកមិនឃើញ បានស្រែក ឡូឡា ។ មួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់បានដើរចេញពីក្នុងហាង THE CONNER 136 មកសួរនាំគាត់ គាត់បានឆ្លើយថា ខ្ញុំមករកប្រពន្ធតើសបង ! តែរកមិនទាន់ឃើញទេ ជនរងគ្រោះក៏សួរបុរសរូបនោះមានឃើញប្រពន្ធខ្ញុំទេ ស្រាប់តែបុរសរូប នោះដកកាំភ្លើងខ្លីដែលសៀតនៅចង្កេះ បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាមជនរងគ្រោះ តែជនរងគ្រោះស្រែកថា ម៉េចបាន បងឯងបាញ់ខ្ញុំ? ខ្ញុំមករកប្រពន្ធខ្ញុំទេ ស្រាប់តែបុរសរូបនោះ បាញ់ថែមមួយគ្រាប់ទៀត ជាការ ព្រមានជាលើកទី២ រួចឡើងជិះម៉ូតូមួយគ្រឿង ម៉ាក SL ពាក់ស្លាក លេខភ្នំពេញ 1J-2713 ចេញទៅបាត់ ។
តាមរយៈក្លិនគ្រាប់រំសេវ និងវត្ថុតាងសំបកកាទុស និងការសាកសួរសាក្សីនៅកន្លែងកើតហេតុ ពិតជាមានករណីផ្ទុះអាវុធកើតឡើងមែន ។ ទាំងប្រជាពលដ្ឋក៏បានបញ្ជាក់អំពីហេតុការណ៍ផ្ទាល់ជាច្រើន ដោយឃើញបុរសម្នាក់ជិះម៉ូតូម៉ាក SL ពាក់ស្លាកលេខភ្នំពេញ 1J-2713 នោះជាអ្នកបាញ់។
បើទោះយ៉ាងណា កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ មិនព្រមឱ្យក្រុមអ្នកសារព័ត៌មាន ធ្វើការសាកសួរនោះទេ ដោយមន្ត្រីនគរបាលមួយរូបបានអះអាងថា អត់មានផ្ទុះអាវុធនោះទេ គ្រាន់ជាករណីប្ដីឈ្លោះគ្នាជាមួយប្រពន្ធសោះ ចាំបានសួរនាំអីច្រើនទេ រួចក៏នាំជនរងគ្រោះចូលក្នុងប៉ុស្តិ៍បាត់ទៅ ៕ ជាយក្រុង