ភ្នំពេញ៖ អ្នកគាំទ្រនិងក្នុងចង្កោមអ្នកសិល្បៈមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីតារាចម្រៀង ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានប្រកាសលក់ផ្ទះវីឡាស្កឹមស្កៃ ដើម្បីយកប្រាក់ព្យាបាលបន្តនៅក្រៅប្រទេស។ ការប្រកាសនេះធ្វើឡើងក្រោយពីស្ថានភាពជំងឺរបស់ឪពុកលោកនៅមិនទាន់បានធូស្រាលនោះ។
ក្នុងចំណោមតារាចម្រៀងក្នុងផលិតកម្មថោន លោកករុណា ពេជ្រ ត្រូវបានគេដឹងថាថាជាតារាចម្រៀងម្នាក់ដែលមានមុខដំណែង ការងារ មុខរបរ និងទ្រព្យធនច្រើនជាងគេ។ ប៉ុន្តែពេលនេះលោកបែជាប្រកាសលក់ទ្រព្យធំមួយគឺផ្ទះដែលលោកធ្លាប់បានរស់នៅទីនេះជិត១០ឆ្នាំមកហើយនោះ។ ផ្ទះនេះត្រូវបានគេដឹងថានៅបុរីពិភពថ្មីជិតវត្តសំរោងអណ្តែត និងមានតម្លៃជាងកន្លះលានដុល្លារអាមេរិក។ ទោះបីជាប្រកាសលក់ផ្ទះវីឡាប្រណីតនេះក្តីក៏លោកមិនបញ្ជាក់អំពីតម្លៃដែលលក់នោះដែរ ។ អ្វីដែលគេចាប់អារម្មណ៍គឺពាក្យថ្លែងសរសើរ ពីអ្នកគាំទ្រលោកដែមានភាពកត្តញ្ញូខ្លាំងចំពោះអ្នកមានគុណ។ តារារូបនេះក៏ទទួលបានសារលើកទឹកចិត្តជាច្រើន ពីអ្នកគាំទ្រ និងអ្នកសិល្បៈដូចគ្នាផងដែរ។
គួរបញ្ជាក់ដែរថាបន្ទាប់ពីប្រឡូកក្នុងរយៈពេលខ្លីក្នុងផលិតកម្មថោន តារាចម្រៀង ករុណាពេជ្រ ទទួលបានការគាំទ្រច្រើន ទើបលោកសម្រេចចិត្តទិញផ្ទះវីឡាប្រណីតមួយនេះរួមជាមួយពិធីឡើងគេហដ្ឋានយ៉ាងគគ្រឹគគគ្រេង។ លោកក៏ទទួលបានតំណែងជាអ្នកគ្រប់គ្រងទូទៅឲ្យផលិតកម្មនិងក្លឹបកម្សាន្តថោនផងដែរ មុនពេលដែលលោកត្រូវបានផ្លាស់ទៅគ្រប់គ្រងផ្សារContainer និងPub Street ដែលទើបបើកដំណើរការនៅខេត្តសៀមរាបកាលពីពេលថ្មីៗនេះ៕ វឌ្ឍនា