ខេត្តពោធិ៍សាត់ ៖ ផ្ទះឈើ១ខ្នងទំហំ៩ម៉ែត្រ គុណនឹង១២ម៉ែត្រត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ៣ដុល្លារអាមេរិក ដែលគេសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងធ្វើឲ្យឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង១៥នាទី យប់ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ផ្ទះឈើ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនោះទំហ៊ំ០៩ម៉ែត្រ គុណនឹង១២ម៉ែត្រ ដំបូលប្រក់ស៊ីប្រូស៊ីម៉ង់ ជញ្ជាំងបាំងក្តារ ខាងក្រោមថ្ម។
លោក អធិការនគរបាលបន្តថា ការខូចខាតទ្រព្យសម្បតិ្តសម្ភាររួមមាន ទូសម្រាប់ដាក់ខោអាវចំនួន៣ គ្រែដេកចំនួន៧គ្រឿង គ្រឿងសង្ហារឹមចំនួន២ឈុត ទូរសម្រាប់ដាក់ថ្នាំពេទ្យចំនួន១គ្រឿង ថូផ្កាចំនួន២គូ តុចំនួន៣ សម្ភាររោងការខូចខាតចំនួន ៦០ភាគរយ ផ្តិលមាស និងផ្តិលបុណ្យចំនួន២ សម្លៀកបំពាក់ឆេះអស់ទាំងស្រុង ស្រូវចំនួន ១តោន អង្ករចំនួន២ការុង ឯកសារផ្សេងៗរួមមាន សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លុយរៀល និងលុយដុល្លារអាមេរិក សរុបជាទឹកប្រាក់ប្រមាណចំនួន៣ដុល្លារអាមេរិក។
លោក អធិការបន្តទៀតថា ចំពោះករណីអគ្គីភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋអស់ទាំងស្រុងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានសហការគ្នាចុះជួយធ្វើអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ ដោយប្រើប្រាសរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រគរផងដែរ ។
ករណី នេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបឆ្លងចរន្តអគ្គិសនីឆាបឆេះបែបនេះតែម្តង ហើយបានធ្វើកំណត់ហេតុត្រឹមត្រូវដើម្បីរាយការណ៍ជូនថ្នាក់លើ ប៉ុន្តែទោះជាយ៉ាងណាក្តីករណីនេះពុំបង្កការរងរបួសដល់មនុស្សនោះទេ ៕ ប៉ឹម ពិន