ភ្នំពេញ ៖ កន្លងទៅតារាស្រីល្បីទាំងសម្តែង និងរឿងសិចស៊ី កញ្ញា ឌុច លីដា បានប្រកាសបើកមុខជំនួញថ្មីតម្លៃជិត ៣ម៉ឺនដុល្លារអាមេរិក គឺហាងលក់គុយទាវ យីហោឡាំឌួយ នៅតំបន់ខាងក្រោយសាលាវ៉ាន់ដា ។ បន្ទាប់ពីបើកដំណើរការជាងកន្លះឆ្នាំ ស្រាប់តែជំនួញមួយនេះ មិនទទួលបានជោគជ័យដូចការគ្រោងទុកឡើយ។
ដើមឡើយហាងគុយទាវឡាំឌួយ របស់ឌុច លីដាហាក់ទទួលបានការគាំទ្រច្រើន ប៉ុន្តែក្រោយមកកាន់តែស្ងាត់ភ្ញៀវគឺមានតែសិល្បករ និងក្រុមការងារផលិតកុនមួយចំនួនចូលប៉ុណ្ណោះ។ អ្វីដែលគេភ្ញាក់ផ្អើល គឺស្រាប់តែហាងដែលនាងបើកដំណើរការបានបិទទ្វារហើយដាក់ស្លាកជួលទៅវិញ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីតូចច្រឡឹងរូបនេះបាននៅឡើយទេ។ ទោះជាយ៉ាងណា អ្នកជិតដិតនាងបានលើកឡើងថា ហាងនេះទើបនឹងបិទទ្វារប៉ុណ្ណោះ ក្រោយចំណូលពីការលក់មិនអាចទប់ទល់ការចំណាយបាន ទើបក្រោយបើកដំណើរការបានជាងកន្លះឆ្នាំ បានបិទវិញ ក្រោយផុតកុងត្រាជួលផ្ទះ ។ ទោះជាយ៉ាងណាការមិនមានពេលគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងហាងនោះ ក៏ជាហេតុផលដែលធ្វើឲ្យមុខជំនួញលើកដំបូងរបស់នាងបរាជ័យដែរ ។
ទោះបីជាបរាជ័យមុខជំនួញមែន ប៉ុន្តែការងារសិល្បៈរបស់នាងវិញ កំពុងតែមមាញឹកខ្លាំង គឺនាងបាននឹងកំពុងថតភាពយន្តភាគរឿង កូនពស់កេងកង របស់ទូរទស្សន៍ហង្សមាស និងភាពយន្តជាច្រើនបន្តបន្ទាប់ដែលនាងស្ទើរតែគ្មានពេលសម្រាក ៕ វឌ្ឍនា