ភ្នំពេញ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានពន្ធធានាគារព្រៃសនិងពាក់ស័ក្តិ៤ បានចូលទៅសាលាខណ្ឌដូនពេញ ដើម្បីសុំការអន្តរគមន៍ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញរឿងសាច់ញាតិរបស់ស្ត្រីរូបនេះត្រូវមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួននិងម៉ូតូម៉ាក់ហុងដា សេ១២៥ មួយគ្រឿងដោយសង្ស័យថាជាមុខសញ្ញាចោរឆក់ ប៉ុន្តែលោកអភិបាលមិនព្រមជួយអន្តរគមន៍ឲ្យនោះទេ ធ្វើឲ្យស្ត្រីនោះខឹងក៏ស្រែកគំរាមបាញ់សម្លាប់លោកតែម្តង ។
ករណីគំរាមបាញ់សម្លាប់លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ ដល់ក្នុងបន្ទប់ នៅសាលាខណ្ឌដូនពេញនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា ស្ត្រីខាងលើនោះឈ្មោះ ពុធ វុទ្ឋី អត្តលេខ១៨៩៤៨ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានពន្ឋនាគារព្រៃស មានអាយុជាង៤០ឆ្នាំ ដោយមកជាមួយបុរសម្នាក់ទៀតផងដែរ មិនទាន់ស្គាល់អត្តសញ្ញាណ ។
ប្រភពដដែរ បានបន្តទៀតថា កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ កម្លាំកងរាជអាវុធហត្ថខណ្ឌដូចពេញ បានដាក់គោលដៅត្រួតពិនិត្យម៉ូតូដែលមានការសង្ស័យ គឺដើម្បីទល់បទល្មើសដែលកើតមានដូចជាករណី ឆក់ ប្លន់ លួច ។បន្ទាប់មកស្រាប់តែមានម៉ូតូអត់ស្លាកលេខ១គ្រឿង បានធ្វើដំណេីរមកដល់គោលដៅត្រួតពិនិត្យនៅចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួចបានឃាត់ម៉ូតូខាងលើនេះ បញ្ចូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរនិងរកឯកសារដែលពាក់ព័ន្ធផងដែរ ។
ប្រភពដដែរ បន្តទៀតថា លុះមកដល់ព្រឹកថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៥នេះ ស្រាប់តែស្ត្រីខាងលេីនេះ បានមកសាលាខណ្ឌដូនពេញដោយមានពា់ឯសណ្ឋានជាមន្ត្រីនគរបាលស័ក្តិ៤នៅអគ្គនាយកដ្ឋានពន្ធធនាគារព្រៃស និងរួមដំណើរជាមួយបុរសម្នាក់ផងដែរ ដោយមានគោលបំណងសុំអន្តរាគមន៍ឲ្យលោកអភិបាលខណ្ឌជួយសម្រួលយកម៉ូតូដែលត្រូវសមត្ថកិច្ចចាប់នោះចេញវិញទៅ ប៉ុន្តែពេលនោះ លោកគួច ចំរើន មិនព្រមឯកភាពតាមការសុំអន្តរគមន៍នោះទេ ដោយផ្ទុយនិងច្បាប់ផងដែរ ហើយម៉ូតូនោះត្រូវបានសមត្ថកិច្ចសង្ស័យថា ជាម៉ូតូមុខសញ្ញាចោរ ឆក់កាបូប និងទូរស័ព្ទយ៉ាងសកម្មក្នុងខណ្ឌដូនពេញ កន្លងមក ហើយម៉ូតូនេះលោកសុំរក្សាទុកចំនួន៣ខែដើម្បីធ្វើការស្រាវជ្រាវសិន ។
ស្រាប់តែភ្លាមនោះស្ត្រីរូបនេះ បានខឹងលោកអភិបាលខណ្ឌយ៉ាងខ្លាំង និងស្រែកឡូឡាពេញក្នុងបន្ទប់លោក គួច ចំរើន ភ្លាមនោះមន្ត្រីក្នុងសាលាខណ្ឌដូនពេញដេញឲ្យ ពួកគេឲ្យចេញទៅក្រៅ ធ្វេីឲ្យគាត់ខឹងកាន់តែខ្លាំងឡើង បានរកទាញកាំភ្លើងដែរទុកក្នុងកាបូបពីបុរសម្នាក់ដែលមកជាមួយ គំរាមបាញ់សម្លាប់ លោកអភិបាលខណ្ឌ និងបាញ់ទាំងមន្ត្រីសាលាខណ្ឌ ដោយមានសភាពបែបនោះ លោកក៏បានដើរចេញបាត់តែម្តង ។
គួរបញ្ជាក់ផងដែរថា ក្រោយកើតហេតុ លោក គួច ចំរើន ក៏មិនបានខឹងប្រកាន់ ស្ត្រីខាងលើនោះទេព្រោះទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យវិញ ៕
ដោយ៖ ស ដារ៉ា