ឃាតកម្មសម្លាប់ថៅកែគ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប ជាករណីប្លន់យកទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ បានបង្ហាញមុខជនសង្ស័យ ជាជនដៃដល់សម្លាប់ចៅកែគ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅ។

បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលក្នុងម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជាអ្នករៀបចំគម្រោង។

ជនសង្ស័យទំាង២នាក់នេះ ទី១ឈ្មោះ សយ ឡុង ហៅជ្រូក ភេទប្រុស អាយុ២៤ឆ្នាំ មិនមានមុខរបរពិតប្រាកដ មានទីលំនៅភូមិថ្នល់ដាច់ខាងលិច ឃុំដានរុន ស្រុកសូទ្រនិគម ជាចារីប្រព្រឹត្តផ្ទាល់(ជនដៃដល់) ។ ទី២ឈ្មោះអ៊ុន ប៉ូឡូញ ហៅម៉ៅ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម (ជាអ្នករៀបចំគម្រោង)។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្ថារ៉េ ស្នងការរងនគរបាលខេត្តសៀមរាបបានឲ្យដឹងថា កណីឃាតកម្មសម្លាប់ថៅកែគ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប ជាករណីប្លន់យកទ្រព្យសម្បត្តិដោយលោកបានពន្យល់ថា តាមចំលើយសារភាពរបស់ជនសង្ស័យ ឈ្មោះសយ ឡុង ហៅជ្រូក បានបង្ហាញសមត្ថកិច្ចថា ដំបូងរូបគេទូរស័ព្ទហៅជនរងគ្រោះឲ្យបើកទ្វារចូលទៅក្នុងផ្ទះ ពេលនោះជនរងគ្រោះស្លៀកខោរខ្លីក្រោមក្បាលជង្គង់។

បន្ទាប់មកជនរងគ្រោះក៍ឡើងទៅឡៅតឿ រួចក៍ចុះមកជួបជនសង្ស័យវិញដោយជនរងគ្រោះស្រាតខោរខ្លីចេញនៅសល់តែលីអូរ ពេលនោះជនសង្ស័យក៏យកកាំបិតចុងស្រួចកាន់ក្នុងដៃចាំ ហើយជនរងគ្រោះក្រោយស្រាតខោរខ្លី សល់តែលីអូរចុះមកម្តងទៀត រូបគេក៏ចាក់ចំបំពង់ក បណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង។ ភ្លាមនោះរូបគេ(ជនសង្ស័យ)ក៏ឡើងទៅលើឡៅតើដើម្បីយកវត្ថុមានតម្លៃ។ ជននេះបានបញ្ជាក់ជាមួយសមត្ថកិច្ចថា ក្នុងសកម្មភាពនោះ គឺមានតែរូបគេម្នាក់គត់ ដែលជាអ្នកចាក់សម្លាប់ជនរងគ្រោះ ហើយបំណងគឺ ប្លន់យកមាសប្រាក់ និងលុយ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់សកម្មភាពធ្វើត្រាប់ ខណៈបណ្តើរឃាតក និងបក្ខពួក ចេញពីផ្ទះកើតហេតុបំរ៉ុងបញ្ចូលទៅក្នុងរថយន្ត ក៏ត្រូវសាច់ញាតិជនរងគ្រោះ រួមទាំងមហាជនដែលចោមរោមមើល ស្ទុះសម្រុកចូលទៅវ៉ៃឃាតក និងបក្ខពួកម្នាក់ទៀតនោះ យ៉ាងកំរោលបំផុត បើទោះបីក្រុមសមត្ថកិច្ចជាច្រើននាក់ ព្យាយាមរារាំងយ៉ាងណាក៏ដោយ។ ក្នុងភ្លើងកំហឹងនោះ គេឮសូសម្រែកព្រមៗគ្នាថា អាឃាតកហេតុអីឯងសម្លាប់បងអញ។ ប៉ុន្តែសកម្មភាពនោះ ក៏បានបញ្ចប់ខណៈក្រុមសមត្ថកិច្ច ព្យាយាមរុញជនសង្ស័យជាឃាតកទាំងពីរ ចូលឡានហើយបើកចេញបាត់ទៅ។

សូមរម្លឹកថា បុរសម្ចាស់អាជីវករលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវឃាតកចាក់សម្លាប់ដោយកាំបិតចុងស្រួចនាអំឡុងម៉ោង២១ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយទើបភ្ញាក់ផ្អើលនាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ដដែល។ ជនរងគ្រោះឈ្មោះ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅផ្ទះកើតហេតុភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print