ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញលើបណ្តឹងបទ«រំលោភលើទំនុកចិត្ត» កាលពីរសៀលថ្ងៃ អង្គារ ៩ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៨ ។
មន្រ្តីនគរបាលការិយាលួ័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា បុរសជាប់សង្ស័យមានឈ្មោះ សុខ ពី អាយុ៤៣ឆ្នាំ មុខរបរមេការអគ្គិសនី ស្នាក់នៅ ភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។ ការចាប់ឃាត់បុរសរូបនេះគឺធ្វើឡើងតាមការអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចដដែលឲ្យដឹងទៀតថា ក្រោយពេលចាប់ឃាត់ខ្លួនបុរសជាប់សង្ស័យត្រូវបាននាំទៅប្រគល់ជូនតំណាងអយ្យការតាមនីតិវិធី តែគេមិនដឹងពាក់ព័ន្ធដើមចមរឿងរំលោភលើទំនុកចិត្តនោះ គឺជាអ្វីនោះទេ។
យ៉ាងណាជនសង្ស័យកំពុងស្ថិតនៅតំណាងអយ្យការសាកសួរនៅឡើយ និងមិនទាន់បានសម្រេចនៅឡើយដែរ ៕ ប្រាថ្នា