ខេត្តស្ទឹងត្រែង៖ បុរសដែលត្រូវឃាត់ខ្លួននិង ស្ត្រីអ្នកចោទប្រកាន់គឺជាអតីតប្តីប្រពន្ធនឹងគ្នា ប៉ុន្តែអ្នកទាំងពីរបានចែកផ្លូវគ្នានៅតុលាការចែកទ្រព្យសម្បត្តិរៀងខ្លួនអស់ហើយ។
រឿងនេះ ខាងប្តីទៅយកប្រពន្ធ ខាងស្រីយកប្តីថ្មីអស់រយៈពេល២ឆ្នាំមកហើយ។ បន្ទាប់ពីលែងគ្នាបានពីរឆ្នាំមកនេះ អតីតស្វាមីចេះតែទៅរករឿងប្រពន្ធម្តងជាពីរដងរហូត នៅថ្ងៃទី៦ ឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានទៅគាល់បន្ទប់យកម៉ូតូមួយគ្រឿងនៅផ្ទះខាងអតីតប្រពន្ធ ខណៈពេលម្ចាស់ផ្ទះមិននៅ។
ក្រោយមកបុរសជាប្តីត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីទទួលតាមពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាអតីតៈប្រពន្ធ ត្រូវចោទពីបទចោរកម្មទៅ គាស់បន្ទប់យកម៉ូតូពីអ្នកដ៍ទៃ សមត្ថកិច្ចនគរបាលម្នាក់ បានបញ្ជាក់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ថា បុរសដែលត្រូវឃាត់ខ្លួនឈ្មោះ ទីន អាម៉ីន ហៅ ឈុន ឆានុន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម។
ចំណែកស្ត្រីរងគ្រោះជាអ្នកប្តឹងឈ្មោះ នូ ទីនម៉ៃសុះ អាយុ៣៥ឆ្នាំជនជាតិខ្មែរអ៊ីស្លាម រស់នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដូចគ្នា។
អតីតភរិយាបានប្តឹងបុរសអតីតៈស្វាមីថា បានលួចចូលទៅគាស់បន្ទប់យកម៉ូតូ ព្រមទាំងលួចយកលុយអស់ ចំនួន៥០០ដុល្លារទៀតផង ហេតុដូច្នេះទើបនាងដាក់ពាក្យបណ្តឹងចូលទៅកាន់នគរបាលជំនាញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ម៉ូតូមួយគ្រឿងពិតជាទ្រព្យរួមគ្នាពិតមែន ប៉ុន្តែពេលដែលចែកផ្លូវនៅតុលាការបានចប់សព្វគ្រប់អស់ហើយតែអតីតស្វាមីមិនអស់ចិត្ត ចេះតែមកទាមទារករឿងយកម៉ូតូទៅវិញតែអតីតប្រពន្ធមិនឱ្យ ទើបជនសង្ស័យអតីតៈជាប្តី ពេលឃើញឱកាសល្អទើបធ្វើសកម្មភាពតែម្តង។
ជនសង្ស័យបានឆ្លើយសារភាព នៅមុខសមត្ថកិច្ចថា ម៉ូតូមួយគ្រឿងនេះ គឺជារបស់ខ្លួនដែលបានបាត់ក្រោយពីលែងលះគ្នា ពេលឃើញវិញនៅផ្ទះអតីតៈប្រពន្ធដើម ខ្លួនក៏បានយកម៉ូតូកមជិះ តែពេលទៅយកម៉ូតូនោះ ខ្លួនមិនបានរាយការណ៍ប្រាប់នគរបាលឡើយព្រោះគិតថាជារបស់ខ្លួន ចំពោះថារឿងបាត់លុយចំនួន ៥០០ដុល្លារគេពុំបានដឹងនោះទេ នេះជាការចោតប្រកាន់របស់អតីតៈប្រពន្ធខ្លួន។ ជនសង្ស័យបាននិយាយបន្តថា ម៉ូតូក្រោយពីយកបានក៏បើកទៅទុកនៅផ្ទះអ្នកស្គាល់គ្នាគ្មានបំណងអាក្រក់ ឡើយគ្រាន់តែចង់បានម៉ូតូរបស់ខ្លួនមកវិញតែប៉ុណ្ណោះ។
ទោះបីជាយ៉ាង លោក ដួង ស៊ីវុត្ថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បញ្ជាក់ថា សំណុំរឿងនេះនឹងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនិតិវិធីច្បាប់។ លោកបានបន្តថា ទោះបីជាធ្លាប់ជាប្តីប្រន្ធនឹងគ្នា ក៏ពិតមែនប៉ុន្តែការចែកផ្លូវគ្នានៅតុលាការស្របច្បាប់រួចរាល់ហើយ& យើងមិនត្រូវទាមទារយកទ្រព្យណាមួយទៀតពីរភាគគីម្ខាងបាននោះទេ នេះជារឿងខុសច្បាប់៕ ដោយ ៖មាស សុផាត