តុលាការបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនជនសង្ស័យជាឳពុកចុងម្នាក់ដាក់ពន្ធនាគាររងការចោទប្រកាន់ធ្វើទារុណចាប់រំលោភសម្លាប់កូនស្រីអាយុ៤ឆ្នាំ

ចែករំលែក៖

ខេត្តប៉ៃលិន៖ តុលាការនៃខេត្តប៉ៃលិនបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនជនសង្ស័យម្នាក់ជាឳពុកចុងយកដាក់ពន្ធនាគារនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្រោយរងការចោទប្រកាន់ពីការធ្វើសកម្មភាពទារុណកម្មចាប់រំលោភសម្លាប់កូនស្រីអាយុ៤ឆ្នាំក្នុងសំណុំរឿងព្រហ្មទណ្ឌឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ឃួន ដារ៉ា អាយុ២៩ឆ្នាំ ប្រកបមុខបុគ្គលិកកាស៊ីណូ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបាននគរបាលស្រុកសាលាក្រៅចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ក្រោយ ហេតុការណ៍ដែលមានក្មេងស្រីឈ្មោះ ដារ៉ា រស្មី អាយុ៤ឆ្នាំ ដែលជាកូនចុងជនសង្ស័យបានស្លាប់នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរួចហើយនោះ។

​លោកវរសេនីយ៍ត្រី ចាន់ វាសនា អធិការនគរបាលស្រុកសាលាក្រៅប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិឃុំខាងលើ នគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់រាយការណ៍មកលោកថាមានករណីក្មេងស្រីស្លាប់សង្ស័យអំពើឃាតកម្ម។

ក្រោយមកលោកក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការ នគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត ប៉ៃលិនលោក ក៏បានដឹកនាំកម្លាំងជំនាញនិងមានការចូលរួមសហការពីគ្រូពេទ្យផងនោះ។ចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ច័យសពរកឃើញថាក្មេងស្រីរងរគ្រោះបានស្លាប់ដោយអំពើឃាតកម្មនិងរំលោភសម្លាប់លើរូបរាងកាយ គល់ភ្លៅមានស្នាមជាំ ចង្កេះហើម ពោះហើម រន្ធគូថនិងរន្ធភេទដាច់រហែកមានស្នាមឈាម។សមត្ថកិច្ចនិងគ្រូពេទ្យសន្និដ្ឋានថាក្មេងរងគ្រោះស្លាប់ដោយអំពើធ្វើទារុណកម្មនិងចាប់រំលោភសម្លាប់ពីសំណាក់ជនសង្ស័យជាឳពុកចុង។

​លោកអធិការប្រាប់ឱ្យដឹងទៀតថា ក្រោយមកសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាឳពុកចុងយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនឆ្លើយសារភាពនោះទេ ដោយគេនិយាយថាកូនស្រីនោះក្តៅខ្លួន ប្រពន្ធជាប់រវល់ធ្វើការ ហើយរូបគេក៏បាននាំកូនស្រីទៅពេទ្យទិញថ្នាំលេប ប៉ុន្តែរូបគេបានឱ្យកូនស្រីលេបថ្នាំផ្សះបន្ថែម១គ្រាប់និងយកប្រេងកូឡាមួយក្រចកដៃដើម្បីឱ្យលេបន្ថែមទៅលើថ្នាំពេទ្យ។បន្ទាប់មកស្រាប់តែកូនស្រីនោះត្រជាក់ដៃជើងរហូតដាច់ខ្យល់ស្លាប់តែម្តង។

លោកអធិការបញ្ជាក់ឱ្យដឹងទៀតថា តាមការអះអាងរបស់ជនសង្ស័យខាងលើគឺជាសំដីដោះសារដើម្បីគេចពីការចោទប្រកាន់តាមផ្លូវច្បាប់។ប៉ុន្តែសមត្ថកិច្ចយោងតាមភស្ថុតាងនៃស្លាកស្នាម តាមរយៈការធ្វើកោសល្យវិច្ច័យសពគឺក្មេងរងគ្រោះពិតជាស្លាប់ដោយអំពើទារុណកម្មចាប់រំលោភសម្លាប់ ហើយជនសង្ស័យបានរងការចាប់ឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារនោះហើយពីការបញ្ជារបស់តុលាការខេត្តប៉ៃលិន៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print