ទីបំផុត ដេនី ក្វាន់ នឹងបញ្ចប់ការពិន័យពីក្រសួង

ចែករំលែក៖

ភ្នំពេញ​ ៖ តារាសិចស៊ី ដេនី ក្វាន់ អាចនឹងបញ្ចប់ការដាក់ពិន័យហាមប្រឡូកសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីក្រសួងបានប្រជុំស្នើ សម្រេចបញ្ឈប់ការដាក់ពិន័យនេះ។ ការប្រជុំនេះគឺក្រោយពីនាងរងការពិន័យផ្អាកគ្រង់ទម្រង់សកម្មភាពអស់រយៈពេលជាងមួយឆ្នាំហើយ ។

គណនីយហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ក្រុមប្រឹក្សាពិន័យនិងលើកសរសើរបានបើកកិច្ចប្រជុំមួយក្រោវត្តមាន លោក ចំរើន វ៉ាន់ថា អនុប្រធានលេខាធិការដ្ឋាន តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដើម្បីពិនិត្យ សម្រេចលើកលែងការដាក់ពិន័យចំពោះតារាសម្តែង កញ្ញា ដេនីក្វាន់ និងដើម្បីពិនិត្យសម្រេចលើកសរសើរដល់សិល្បករ សិល្បការិនីដែលតែងប្រកាន់ឥរិយាបទស្របតាមក្រមសីលធម៌នៃអ្នកសិល្ប: និង មានស្នាដៃឆ្នើមលើវិស័យសិល្ប:។

​កិច្ចប្រជុំនេះត្រូវបានគេដឹងថាអាចនឹងបើកផ្លូវឲ្យតារាស្រី ដេនីក្វាន់វិលរកការសម្តែង និងសកម្មភាពសិល្បៈនានាឡើងវិញបាន។គ្រាកន្លងមកក្រុមប្រឹក្សាបានវាយតម្លៃជារួមមួយសម្រេចថាបញ្ឈប់រាល់សកម្មភាពសិល្បៈគ្រប់ទម្រង់ទាំងអស់របស់ ដេនី ក្វាន់ រយៈពេល ១២ខែ។បន្ទាប់ពីផ្អាកការងារសិល្បៈពេញមួយឆ្នាំ ដេនីក្វាន់នៅតែបន្តសកម្មភាពមនុស្សធម៌ជាហូរហែរដែលទទួលបានការកោតសរសើរច្រើនពីមហាជន។ នាងក៏បានពង្រីកមុខជំនួញថ្មីដែលចាយលុយខ្ទង់សែនដុល្លារអាមេរិកផងដែរ។ ​

​ដេនីក្វាន់ បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីនាងទទួលដំណឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបើកកិច្ចប្រជុំដើម្បីពិនិត្យ សម្រេចលើកលែងការដាក់ពិន័យចំពោះនាង។ នាងថាជាដំណឹងមួយដ៏រីករាយប្រសិនបើក្រសួងសម្រេចលើកលែងការដាក់ពិន័យចំពោះនាងមែននោះ។

នាងថានឹងវិលរកការសម្តែង និងសកម្មភាពសិល្បៈជាថ្មីប្រសិនបើនាងមានឱកាស។ នាងថា បច្ចុប្បន្ននាងមានការរវល់ច្រើននឹងការងារមុខជំនួញ ទើបនាងនៅមិនទាន់ប្រាកដនៅឡើយទេថា និងមានពេលវេលាគ្រប់គ្រាន់កម្រិតណាក្នុងការទទួលការងារសម្តែងនោះ។

នាងបញ្ជាក់ដែរថាក្រោយវិលរកសិល្បៈជាថ្មីនាងនឹងព្យាយាមកាត់បន្ថយរូបភាពសិចស៊ីខ្លះៗ ប៉ុន្តែនាងមិនអាចស្លៀកពាក់បិទបាំងជុំជិតនោះពេកទេ ហើយនាងរំពឹងថាដំណឹងល្អនេះនឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ៕​ ​ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print