ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរដ៍រន្ធត់បង្កឡើងដោយរថយន្តម៉ាក ប៉ាហ្សឺរ៉ូ បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបានជ្រុលចង្កូតបុកអ្នកបើករ៉ឺម៉កម៉ូតូចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០,៣០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក ប៉ាហ្សឺរ៉ូ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-1602 ក្រោយកើតហេតុអ្នកបើក បររត់គេចខ្លួនបាត់ ។
ចំណែកជនរងគ្រោះមានឈ្មោះ សេង សន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ ។
លោកព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារសណ្តាប់ធ្នាប់ចរាចរបានអោយដឹងថា មុនពេលគ្រោះថ្នាក់សាក្សី បាន ឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញមកដល់ចំនុចកើតហេតុអ្នកបើកបររថយន្តបានបើកប្រជែងរថយន្ត១គ្រឿងទៀតនៅពីមុខទិសដៅស្របគ្នា ។ ពេលកំពុងប្រជែងស្រាប់រេចង្កូតទៅបុកអ្នកបើករ៉ឺម៉កម៉ូតូដែលបើកបរក្នុងទិសដៅផ្ទុយគ្នាចំពីមុខពេញទំហឹងបណ្តាលខ្ទាតចេញពីផ្លូវជាតិ ដោយឡែកអ្នកបើករ៉ឺម៉ក ធ្លាក់បោកក្បាលស្លាប់ក្បែរ៉ឺម៉ករបស់ខ្លួនយ៉ាងអណោចអធម្ម ។
លោកអធិការរងបន្តថា ក្រោយបង្ក ហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់ ។ ករណីនេះបង្កឡើងដោយរថយន្តប៉ាហ្សឺរ៉ូ បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរខ្វះការប្រុងប្រយ័ត្នមិន គោរពសិទ្ធជាអាទិភាព គឺជាដើមចមនៃការបង្កបទល្មើសចរាចរ ។
បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់ ចំពោះសពជនរងគ្រោះប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វបុណ្យនៅស្រុកកំណើតខេត្តស្វាយរៀង ៕
ដោយ៖ សណ្តោស