ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញលិខិតបង្គាប់ការមួយ ស្តីពីការផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលជាតិ គឺលោកអនុសេនីយ៍ទោ កៅ សំអុន បម្រើការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ។
ក្នុងលិខិតបានបញ្ជាក់ថា ៖ ដោយមូលហេតុមន្ត្រីនគរបាលរួបនេះបានបញ្ចេញអាកប្បករិយា ឬ ពាក្យសម្តីគ្មានសីលធម៌ អមនុស្សធម៌ ខ្វះសុជីវធម៌ ដែលជាហេតុធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរនគរបាលជាតិ ។
ខ្លឹមសារនៅក្នុងលិខិតបានបញ្ជាក់បន្ថែមថា ចំពោះសាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និង រង់ចាំការសម្រេចជាថ្មី ។
គួររឭកថា ករណីចរាចរណ៍បង្កជាហិង្សានេះ កើតឡើងកាលពីវេលាម៉ោងប្រមាណជា១១ ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៩៨ កែងផ្សារអូរឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាលដែលប្រើហិង្សាលើស្ត្រីជាគ្រូពេទ្យមានឈ្មោះ កៅ សំអុល អាយុ៤៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទះកំផ្លៀងទៅលើស្ត្រីរងគ្រោះឈ្មោះ ឌី លីណា អាយុ៣៧ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា ខណៈដែលកំពុងចាប់ឃាត់ម៉ូតូមិនគោរពច្បាប់ចរាចរណ៍ ៕ ស សម