ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកកាមរីបាឡែន និងរថយន្តសណ្តោងរ៉ឺម៉ក ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្នុងឧប្បត្តិហេតុខាងលើបានបណ្តាលឲ្យមន្ត្រីគយម្នាក់ស្លាប់ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់របួសធ្ងន់ តែក្រោយមកបានស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំងពីរ ១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-2534 បើកបរដោយឈ្មោះ ឆេង សុខនី ភេទប្រុស អាយុ៣៧ឆ្នាំ ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ញ៉ោម នៅ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមន្ត្រីគយនៅកែវផុស ។ សមត្ថកិច្ចបន្តថា រថយន្ត កាមរីបាឡែនបើកទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញ ។ លុះធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើក៏បានបុកនឹងរថយន្តធុនធំ១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3D-2056 សណ្តោងរ៉ឺម៉ក ដែលមានទិស ដៅផ្ទុយគ្នា ។
ក្រោយកើតហេតុ គេឃើញឈ្មោះ ញ៉ោម នៅស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ឆេង សុខនី រងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ចំណែកអ្នកបើកបររថយន្តធុនធំ បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង សមត្ថកិច្ចជំនាញបានកំពុងស្ទូចចេញពីកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមនីតិវិធី ៕ នគរដ្រេហ្គន