ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា​ ឆ្នាំ២០១៨ រាជធានី-ខេត្ត​ នឹងមាន​ភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ , ក្នុងខែឧសភានេះ ពលរដ្ឋ​ខ្មែរ​៣៣នាក់បានស្លាប់ដោយសាររន្ទះបាញ់

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួង​ធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងមានភ្លៀង ធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា មូលហេតុដោយសារតែព្រះរាជាណាចក្រកម្ពុជាទទួល​ឥទ្ធិ​ពលពីជ្រលងសម្ពាធទាប ដែលលក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុមានដូចខាង ក្រោម ៖

១-តំបន់វាលទំនាប ៖ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ 23 -250C និង អតិបរមាពី33 – 350C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិសនិរតី  មាន​ល្បឿនពី 2-4m/s នឹងអាចមានភ្លៀង ផ្គរ រន្ទះជាមួយនឹងខ្យល់កន្ត្រាក់​នៅរាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ  កំពង់ស្ពឺ  ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ បាត់ដំបង និងខេត្តប៉ៃលិន ។

២-តំបន់ខ្ពង់រាប ៖ មានសីតុណ្ហភាពអប្បបរមាពី 23-250C  និងអតិបរមាពី34-360C  ផ្ទៃមេឃមាន ពពកពីមធ្យម​ទៅច្រើន ខ្យល់បក់មកពីទិសនិរតី មានល្បឿន 3 – 5m/s   នឹង​អាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ។

៣-តំបន់មាត់សមុទ្រ ៖ មានសីតុណ្ហភាពអប្បបរមាពី23 – 250C​  និងអតិបរមាពី32 – 340C  ផ្ទៃមេឃ​មានពពកពីមធ្យមទៅច្រើន ខ្យល់បក់ មកពីទិសនិរតីមានល្បឿនពី3-5m/s ​​នឹង​អាចមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់នៅខេត្ត ព្រះសីហនុ កំពត កែប និង ខេត្ត​កោះកុង  រលកសមុទ្រអាចមានកំពស់ពី0.50m -​1.00m ។

គួរកត់សម្គាល់ថា ក្នុងខែឧសភានេះ ពលរដ្ឋខ្មែរ៣៣នាក់បានស្លាប់ និងគោ-ក្របីអ្នកស្រុក ៤០ក្បាលបានងាប់ដោយសាររន្ទះបាញ់ នៅដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០១៨ ។ នេះបើតាមការបញ្ជាក់ពីលោក កែវ វី អ្នកនាំពាក្យគណៈ កម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។

លោក កែវ វី បានបញ្ជាក់ថា ដើមរដូវ វស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ គ្រោះធម្មជាតិ ភ្លៀងលាយ ខ្យល់កន្ត្រាក់ ធ្វើឲ្យរលំ និងខូចខាតផ្ទះ     ប្រជាពលរដ្ឋធ្ងន់ធ្ងរ​ចំនួន​៨០៦ខ្នង និងមានរន្ទះបាញ់ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស​ចំនួន៣៣នាក់ និងងាប់​គោ-​ក្របីចំនួន៤០ ក្បាល។

លោក កែវ វី បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨  ខ្យល់​កន្ត្រាក់កើតមាន៣៩លើក នៅមូលដ្ឋានខេត្តចំនួន១៦, ការខូចខាតមានផ្ទះរលំ និងខូចខាត​ធ្ងន់ធ្ងរចំនួន២៥២ខ្នង, ផ្ទះ ដែលរបើកដំបូល និង​ខូចខាតមធ្យមចំនួន៥៥៤ខ្នង សរុប៨០៦​ខ្នង, ខូចដំបូល សាលារៀន៤អគារ និងអគារផ្សេងៗ ២ អគារ, ប្រជាពលរដ្ឋស្លាប់ម្នាក់ និងរង គ្រោះ១៧នាក់ ។

លោកបានឲ្យដឹងទៀតថា គ្រោះថ្នាក់ដោយសាររន្ទះបាញ់នៅឆ្នាំនេះ មានលក្ខណៈ​កាច​សាហាវជាងឆ្នាំមុន ដោយគិតត្រឹមតែ២០ថ្ងៃ ខែឧសភានេះ បណ្តាល ឲ្យមានមនុស្ស​ស្លាប់ រហូតដល់៣៣នាក់ ក្នុងនោះស្រី៨នាក់, របួស២៤នាក់, ងាប់គោ-ក្របីចំនួន៤០ក្បាល និង​ខូចផ្ទះ៧ខ្នងផងដែរ ។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះអាកាសធាតុភ្លៀង ផ្គររន្ទះ នឹងលាយឡំជាមួយខ្យល់កន្រ្តាក់ ដែលបណ្តាលអោយខូចខាតទ្រព្យ សម្បត្តិ រហូតបាត់បង់ដល់អាយុជីវិត ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print