ខេត្តក្រចេះ៖ កម្លាំងជំនាញនគរបាលក្រុងក្រចេះ ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចោរកម្ម លួចរថយន្តយ៉ាងសកម្ម២នាក់ និងដកហូតបានរថយន្ត៦គ្រឿង ។
ស្នងការរងខេត្តកណ្តាលលោកឧត្តមសេនីយ៍ត្រីលោក រឿន ណារ៉ា ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានអះអាងថា ជនទាំងនេះគឺបានធ្វើសកម្មភាពលួចរថយន្តនៅខេត្តកណ្តាលនិង នៅក្រុងភ្នំពេញ ហើយយកមកលក់នៅខេត្តក្រចេះ ។
ប្រត្តិបត្តិការសហការគ្នារវាងកម្លាំងនគរបាលខេត្តក្រចេះ និងនគរបាលខេត្តកណ្តាល លើករណីបង្ក្រាបមុខសញ្ញា ចោរលួចរថយន្ត គឺបានធ្វើឡើងមានរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១១និងថ្ងៃទី១២ខែវិច្ឆិកា ដោយមានការដឹកនាំ ពីសំណាក់លោកលោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត។ក្នុងនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន២នាក់បន្តែមទៀត និងរកឃើញរថយន្តចំនួន៦គ្រឿង ដែលពួកគេលក់ឱ្យបងប្អូនប្រជាពលរដ្ឋ និងមួយចំនួនទៀតរកឃើញនៅតាមយានដ្ឋានជួសជល់រថយន្ត នៅក្នុងក្រុងក្រចេះ ។
លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានឱ្យដឹងថា ក្រោយពីនគរបាលខេត្តកណ្តាល បានស្រាវជ្រាវចាប់បានមុខសញ្ញាចោរលួចរថយន្តបានម្នាក់នៅខេត្តកណ្តាល និងមានការសាកសួរទើបឈានមកដល់ការឃាត់ខ្លួនបក្សពួកគេ២នាក់ផ្សេងទៀតនៅខេត្តក្រចេះ។ ជនទាំង២នាក់នេះ ម្នាក់ឈ្មោះ អ៊ុន អ៊ីយូរ៉ា អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះ អោល វណ្ឌី អាយុ២៩ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ។
លោកស្នងការបានបន្តថា រថយន្តទាំង៦គ្រឿងដែលសមត្ថកិច្ចចាប់ដកហូតបាននោះ គឺជាប្រភេទរថយន្ត កាមរីបានឡែន និងកាមរីឆ្លាម មិនតែប៉ុណ្ណោះរថយន្តទាំងនេះ ត្រូវពួកគេយកមកកែច្នៃបាញ់ថ្នាំដូរពណ៍ ដាប់កែលេខតួ និងដាប់កែស្លាកលេខ ទើបពួកគេយកទៅលក់បន្តនៅក្នុងតម្លៃថោក ។
លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់ថា ក្រោយពីបានចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា លួចរថយន្តរួចមក ទាំងជនសង្ស័យ រួមនិងរថយន្តចំនួន៦គ្រឿង ត្រូវបានធ្វើពិធីប្រគល់ទៅឱ្យនគរបាលខេត្តកណ្តាល ដើម្បីបន្តធ្វើតាមនីតិវិធី ។ជាងនេះទៅទៀត លោកស្នងការខេត្តក្រចេះ ក៏បានផ្តាផ្ញើទៅបងប្អូនដែលបានបាត់រថយន្តដូចមានភិនភាគខាងលើនេះ សុំយកឯកសារ មកត្រួតពិនិត្យរថយន្ត ជាមួយនគរបាល នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ៕
ដោយ៖ កោះទ្រុង