ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងមិនធ្វើឡើងនៅខែមិថុនានោះឡើយ ដោយ ត្រូវពន្យាពេល។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូង បានផ្សាយថា ការប្រកាសរបស់លោក ត្រាំ ពីការពន្យារពេលជួបជាមួយលោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន នៅសេតវិមាន កាលពីថ្ងៃទី២២ ខែឧសភា។ លោក ត្រាំ បានបញ្ជាក់ថា «ប្រសិនបើជំនួបមិនកើតឡើងនៅពេល នេះ វានឹងកើតឡើងនៅពេលក្រោយ»។
សកម្មភាពត្រៀមជំនួបពិភាក្សារវាង អាមេរិក នឹងកូរ៉េខាងជើង នៅតែបន្ត ប៉ុន្តែជំនួបជាប្រវត្តិសាស្ត្រនេះ អាចនឹងត្រូវ ពន្យារពេល ប្រសិនបើលក្ខណៈដែលទី ក្រុងវ៉ាស៊ីនតោន បានលើកឡើង មិនត្រូវ បានបំពេញទេនោះ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការលុបបំបាត់បរមាណូ នៅកូរ៉េខាងជើងត្រូវតែធ្វើឡើង ហើយបើ កិច្ចប្រជុំមិនអាចធ្វើឡើងនៅថ្ងៃទី១២ ខែ មិថុនា ក្នុងប្រទេសសិង្ហបុរី ក៏ត្រូវតែធ្វើឡើង នៅពេលក្រោយ។
សាជាថ្មីម្តងទៀត ប្រធានាធិបតីអាមេ រិក ដូណាល់ ត្រាំ បានសន្យាពីសុវត្ថិភាព របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្រោយការបោះបង់កម្មវិធីអាវុធបរមាណូ។ ការធានារបស់លោក ត្រាំ គឺដើម្បីធ្វើឲ្យ មេដឹកនាំកូរ៉េខាងជើង មានទំនុកចិត្ត ក្នុង ការបោះបង់កម្មវិធីបរមាណូ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹង កូរ៉េខាងជើងនោះដែរ ទីក្រុងព្យុងយ៉ាង បានបន្ទន់ឥរិយាបថ ដោយទទួលយកបញ្ជីឈ្មោះអ្នកសារព័ត៌មានកូរ៉េខាងត្បូង ដែលទៅចូលរួមត្រួតពិនិត្យការរំសាយអាវុធ នុយក្លេអ៊ែរ។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានយល់ព្រមទទួលយកហើយនូវបញ្ជីឈ្មោះអ្នកសារព័ត៌មានកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមផ្តិតយករូបភាពក្នុងព្រឹត្តិការណ៍បិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ភុងគ្យេរី (Punggye-ri) នៅថ្ងៃពុធនេះ។
នៅក្នុងលិខិតមួយផ្ញើជូនក្រុមអ្នកសារព័ត៌មាន ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះថា ក្រសួងបាន បញ្ជូនបញ្ជីឈ្មោះអ្នកសារព័ត៌មាន ក្នុង នោះមានអ្នកសារព័ត៌មាន៤នាក់ មកពី ទីភ្នាក់ងារសារព័ត៌មានមួយ និង៤នាក់ ទៀត ជាអ្នកសារព័ត៌មាននៃស្ថានីយទូរ ទស្សន៍មួយ ទៅកាន់កូរ៉េខាងជើងតាម រយៈប្រព័ន្ធទាក់ទងនៅឯភូមិផាន់ម៉ុនចុម (Panmunjom) នៅម៉ោង៩ព្រឹក។ រីឯទី ក្រុងព្យុងយ៉ាងក៏បានយល់ព្រមទទួលយកបញ្ជីឈ្មោះនេះដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បិទទីតាំងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ Punggye-ri នឹងត្រូវប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី២៣ ដល់ថ្ងៃ ទី២៥ ខែឧសភា អាស្រ័យលើអាកាសធាតុ៕ ម៉ែវ សាធី