ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋបានរាយការណ៍ និងផ្ញើទាំងរូបភាពវីដេអូ អំពីសកម្មភាពរថយន្តដឹកលើសទម្ងន់ ក្នុងរូបភាពនោះបង្ហាញថា ក្នុងមួយយប់ៗមិនក្រោម១០០គ្រឿងនោះទេ កំពុងត្រូវបាន លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង លើផ្លូវជាតិលេខ៦ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបរត់ការឡើងជាប្រធានថ្មី និង លោកអនុប្រធាន ខុង សារុន ឃុបឃិតគ្នាឲ្យគេចមិនចូលថ្លឹងជាថ្នូនិងការបង់លុយបែបពុករលួយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ លោក ហេង ផល្លា និង លោក ខុង សារុន បានកំពុងត្រូវរ៉ូវគ្នាជាមួយនិងម្ចាស់រថយន្តដឹកលើសទម្ងន់ប្រភេទយីឌុបនិងវ៉េអង ដឹកឈើអុសភ្នំមកពីខេត្តព្រះវិហារទៅចែកចាយតាមសិប្បកម្មឡឥដ្ឋ នៅខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ និង រថយន្តដឹកទំនិញមកពីប្រទេសវៀតណាម ដោយមិនបាច់ចូលថ្លឹងគ្រាន់តែបង់លុយទៅតាមការកំណត់ ក្នុងមួយរថយន្តចាប់ពី១០មុឺនរៀល ទៅ២០មុឺនរៀលនិងទៅតាមប្រភេទទម្ងន់ហើយសកម្មភាពនេះពួកគេធ្វើឡើងចាប់ពីថ្ងៃចន្ទ ទៅដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង ១២ យប់ទៅដល់ម៉ោង ៥ទាបភ្លឺពុំដែលខាន ។
ប្រភពបានឲ្យដឹងថា អស់លោកខាងលើកំពុងតែកាក់កបនិងសកម្មភាពបែបពុករលួយនេះខ្លាំងណាស់ ដោយមិនខ្ចីរវីរវល់ខ្លាចខូចផ្លូវដែលជាសម្បត្តិជាតិនិងបាក់ស្ពានអ្វីនោះឡើយ ។
គេនៅមិនទាន់ដឹងថា លោក សេង ឈួន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ ស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណករ និង ដឹកជញ្ជូន បានដឹងនូវសកម្មភាពរបស់កូនចៅខ្លួនឬយ៉ាងណានោះទេ ?
ទាក់នឹងការចោទប្រកាន់ខាងលើ លោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើសទម្ងន់ថ្នល់កែង ដែលទើបឡើងថ្មី ភ្នាក់ងារយកព័ត៌មានអង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារទូរសព្ទចូលតែពុំលើកទទួល ៕ ដោយ ៖ វណ្ណៈ