ភ្នំពេញ៖ លោកស្រី កុប ម៉ារីយ៉ះ រដ្ឋលេខាធិការក្រសួង កិច្ចការនារី និង លោកស្រី ម៉ាណ ណាវី ជំនួយការលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅថ្ងៃព្រហស្បតិ៏ ១០កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ បានផ្ដល់អំណោយ កញ្ចប់ អាហារសម្រាប់ទទួលទាន នាពេលស្រាយបួសរ៉ាម៉ាឌនរបស់សាសនា ឥស្លាម ជូនសាសនិកខ្មែរអ៊ីស្លាមក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំនួន២៥០គ្រួសារ។
កញ្ចប់អាហារស្រាយបួសទាំងនេះជាអំណោយរបស់មូលនិធិ Turkiye Diyanet នៃក្រសួង កិច្ចការសាសនាប្រទេសតួកគីសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ មូលនិធិមួយនេះបានឧបត្ថម្ភជូនគ្រួសារសាសនិកខ្មែរអ៊ី ស្លាមសរុបចំនួន១២៥០គ្រួសារ គិតជាទឹកប្រាក់សរុបជិត ៤ម៉ឺនដុល្លារអាមេរិក សម្រាប់ខេត្តចំនួន៥ មាន រាជធានីភ្នំពេញ កំពង់ឆ្នាំង,កំពង់ធំ,បាត់ដំបង និងកំពត ដោយរាជធានី ខេត្ត នីមួយៗមានចំនួន២៥០គ្រួសារ ហើយ តំបន់នីមួយៗក៏ទទួលបានកញ្ចប់ថវិការួមសម្រាប់ព្រះវិហារចំនួនជិត១ពាន់ដុល្លារ អាមេរិក ផងដែរ។
ក្នុងនាមពលរដ្ឋខ្មែរអ៊ីស្លាមលោកស្រី កុប ម៉ារីយ៉ះ បានថ្លែងអំណរគុណចំពោះមូលនិធិ Turkiye Diyanet នៃក្រសួងកិច្ចការសាសនាប្រទេសតួកគី ដែលបានជួយ ឧបត្ថម្ភដល់សាសនិកខ្មែរអ៊ីស្លាម នៅក្នុងរដូវបួសរ៉ាម៉ាឌននេះ។ ជាមួយគ្នានេះលោកស្រីបានជំរុញឲ្យសាសនិកឥស្លាមកម្ពុជា ទាំងអស់ គោរពប្រណិបត្តិឲ្យបានត្រឹមត្រូវចំពោះសាសនា ហើយជាងនេះទៅទៀតគ្រួសារខ្មែរអ៊ីស្លាមនីមួយៗ ត្រូវជំរុញកូនចៅឲ្យខិតខំ សិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីយកទៅរួមចំណែកក្នុងការកសាង ប្រទេសជាតិឲ្យមានការរីកចំរើនបន្ថែមទៀត។
លោកស្រីថា៖ នេះជាសម័យសម្តេចតេជោ ជាសម័យនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ យុវជនមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀន សូត្រនូវចំណេះដឹងផ្សេងៗ ដែលអាចយកទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និង សម្រាប់ប្រទេសជាតិ នៅថ្ងៃអនាគតបាន៕ ដោយ៖ សំរិត