រថយន្តយីឌុប​ដឹកឈើពីរគ្រឿង​ឆ្លងស្រឡាង​ខុសបច្ចេកទេស​ក្រឡាប់ចូលទឹកទន្លេមេគង្គ

ចែករំលែក៖

ខេត្ត​ក្រចេះ៖ រថយន្តយីឌុបដឹកឈើ​ពីរគ្រឿង​បានក្រឡាប់ធ្លាក់ទឹកទន្លេមេគង្គ កាលពីយប់ថ្ងៃថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចកំពង់ចម្លងភូមិ​ឫស្សីចារ ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ ។ ហេតុការណ៍នេះ បញ្ជាក់ច្បាស់ថា បទល្មើសនៃការដឹកជញ្ជូនព្រៃឈើនៅតែបន្តកើតមាន​បំពានច្បាប់ដដែល បើទោះបីជារាជរដ្ឋាភិបាលថ្មីៗនេះបានដាក់បទបញ្ជាឲ្យបិទទាំងស្រុងចំពោះការដឹកជញ្ជូនឈើ​ ទោះទ្រង់ទ្រាយណាក៏ដោយនោះ ។ មិនតែប៉ុណ្ណោះ ច្បាប់ដែលកំណត់មិនឲ្យមានការ​ចម្លង​ពេលយប់ ប៉ុន្តែ​ម្ចាស់កំពង់ចម្លងខាងលើបែរជានៅតែគឃ្លើនដដែល ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តយីឌុប២គ្រឿង​ដឹកឈើចំណុះរាប់សិបតោនចេញពីភូមិសាស្ត្រស្រុកព្រៃប្រសព្វ ឆ្លង​កំពង់ចម្លង​ឫស្សីចារ ក្នុងគោលដៅកាត់ខេត្តក្រចេះភាគខាងកើតឆ្ពោះទៅប្រទេសវៀតណាម ។ ឈើនេះត្រូវគេដឹងថា ជារបស់ក្រុមហ៊ុន ស៊ីនបាយអូធិក មកពីប្រទេសកូរ៉េ ដែលកំពុងតែកាប់បំផ្លាញព្រៃសម្បទានមួយផ្នែកក្នុងស្រុកព្រៃប្រសព្វ ខេត្តក្រចេះ និងមួយផ្នែកទៀត​ក្នុងខេត្តកំពង់ធំ ។

បុរសម្នាក់ឈ្មោះ ធា មេការក្រុមហុនស៊ីនបាយអូធិក​របស់ប្រទេសកូរ៉េទទួលស្គាល់ថា រថយន្តយីឌុបដឹកឈើ២គ្រឿង​នោះជារបស់ក្រុមហ៊ុនខ្លួន ។ លោកបាននិយាយថា ជារឿយៗការដឹកជញ្ជូនឆ្លងកាត់កំពង់ចម្លងខាងលើនេះមិនដែល​មានបញ្ហាអ្វីឡើយ ។ លោកសង្ស័យថា ស្រឡាង​មិនអាចទ្រទម្ងន់រថយន្តយីឌុបទាំងពីរគ្រឿង​នោះ​ ទើបជាហេតុធ្វើ​ឲ្យ​ស្រឡាងក្រឡាប់ លិច​រថយន្តទាំងពីរគ្រឿង​មើលឃើញលឹមៗលើមាត់ច្រាំង ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនខាងលើបានកាប់បំផ្លាញព្រៃឈើមួយផ្នែកក្នុងខេត្តក្រចេះ និងមួយផ្នែកទៀត​ក្នុង​ខេត្តកំពង់ធំ ។ ក្រោមលេសនៃព្រៃសម្បទាន ក្រុមហ៊ុនមួយនេះ​បានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ​ និងបន្តដឹកចេញជារៀងរាល់ពេល ។ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ​ក៏ទទួលបានលាភសក្ការ​ ឬផលប្រយោជន៍​ដុំកំភួនខ្លាំងណាស់ដែរ ។ យ៉ាងណាក៏ដោយ បើតាមប្រភពពីមន្ត្រី​ក្រសួងកសិកម្មបានអះអាងថា រដ្ឋាភិបាលបានបញ្ចប់ទាំងស្រុងចំពោះការដឹកជញ្ជូនឈើទោះបីជាមានច្បាប់ប៉េសេក៏ដោយ ។

រហូតមកដល់ពេលនេះ គេមិនដឹងថា តើ​នៅក្នុងរថយន្តយីឌុបទាំងពីរគ្រឿងនោះមានឈើប្រភេទអ្វីខ្លះទេ ហើយក៏មិនដឹងអំពីចំនួនពិតប្រាកដនៅឡើយដែរ នៅគ្រាដែលមកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាសំ២០១៨ គេឃើញរថយន្តទាំងពីរគ្រឿង​នៅក្នុងទឹកលឹមៗនៅឡើយ ។ ប្រភពបានឲ្យដឹងថា អ្នកបើកបររថយន្តទាំងពីរមិនទទួលរងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print