ប្អូនធ្វើអ្វីខុស ! ម៉េចបានសមត្ថកិច្ចចាប់វាយនិងដាក់ខ្នោះយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ ឥឡូវត្រូវសាច់ញាតិអំពាវនាវស្វែងរកយុវត្តិធម៌!

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរព្រោះតែក្រុមសមត្ថកិច្ចមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ មកចាប់វាយយុវជនរងគ្រោះយ៉ាងសាវព្រៃផ្សៃ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់  រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ  បង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
    យោងតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ (ជនរងគ្រោះ) ត្រូវបាន សមត្ថកិច្ចមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋាននគរបាល សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធខ្លី មកធ្វើសកម្មភាពចាប់ និងវាយយុវជនរូបនោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ ដោយគេមិនដឹងថាជាករណីអ្វីនោះទេ ។
    ដោយឡែកបើយោងតាម ស្ត្រីម្នាក់ឈ្មោះ វត្តី អាយុ២៨ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់យុវជនរងគ្រោះបញ្ជាក់ថា រូបនាង និងស្វាមីបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ថា ប្អូនប្រុសរបស់នាងត្រូវ បានសមត្ថកិច្ចស្លៀកពាក់ស៊ីវិល និងម្នាក់ពាក់ឯកសណ្ឋានប៉ូ​លីសមានគ្នាប្រមាណ៤ទៅ៥នាក់ វាយ រួចហើយប្អូនប្រុសរបស់នាងបានរត់ចូលទៅក្នុងហាងមួយដែលនៅក្បែរកន្លែងកើតហេតុ ក៍ត្រូវសមត្ថកិច្ចទាំងនោះ ចូលទៅចាប់ដល់ក្នុងហាងនោះទៀត។
ប្រភពដដែរពីបងស្រីជនរងគ្រោះបន្តថា គ្រាន់តែឮដំណឹងនេះភ្លាម នាង និងស្វាមីបានជិះម៉ូតូមកដល់ កន្លែងកើតហេតុ ប៉ុន្តែមិនឃើញប្អូនប្រុសនោះទេ ដោយគេប្រាប់ថា សមត្ថកិច្ចទាំងនោះយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ រួចហើយនាង និងស្វាមីក៏បានទៅកាន់ប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣  តែសមត្ថកិច្ចប៉ុស្តិ៍ម្នាក់នៅទីនោះ និយាយដោយខ្លីថា រឿងនេះការងាររបស់ខាងសមត្ថកិច្ចក្រសួងមហាផ្ទៃ ខាងប៉ុស្តិ៍អត់ដឹងទេ ។ បន្ទាប់ពីខាងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី៣ និយាយដូច្នេះ រូបនាង និងស្វាមី ក៍បានទៅដល់ក្រសួងមហាផ្ទៃ ប៉ុន្តែពេលទៅដល់ ឃើញតែប្អូនប្រុសរបស់នាងប៉ុណ្ណោះ កំពុងដេកហូរឈាមនៅលើម៉ូតូកង់បីឥណ្ឌាម្នាក់ឯង តែមិនឃើញសមត្ថកិច្ចដែលចាប់ខ្លួនប្អូនប្រុស របស់នោះទេ។
ខណៈនោះរូបនាង និងស្វាមីបាននាំប្អូនប្រុសមកសង្គ្រោះបន្ទាន់នៅឯមន្ទីរព្យាបាលបាយ័ន ដែលនៅជិតស្ពានអាកាសក្បាលថ្នល់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលកើតហេតុនោះ បើកុំតែបានប្រជាពលរដ្ឋនៅទីនោះជួយឃាត់ កុំអីប្រហែលជាសមត្ថកិច្ចទាំងនោះវាយយុវជនរូបនោះស្លាប់បាត់ទៅហើយ ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះនៅឡើយពេលនាំ មកដល់មន្ទីរពេទ្យ ។បន្ទាប់ពីគ្រូពេទ្យធ្វើការព្យាបាលរួច ក្រុមគ្រួសារយុវជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យផ្សេងដែលនៅក្បែរផ្ទះនៅឯចោមចៅ ដើម្បីសង្គ្រោះបន្ថែមទៀត ។
ក្រោយកើតហេតុ ក្រុមគ្រួសារយុវជនរងគ្រោះបានស្នើដល់សម្ដេច ឧបនាយករដ្ឋមន្រ្តី ស ខេង  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង ព្រោះក្រុមសមត្ថកិច្ចទាំងនោះ វាយជនរងគ្រោះរួច យកទៅដាក់ក្នុងក្រសួងមហាផ្ទៃ តែម្ដង ។
ពិសេសសូមជួយស្វែងរកមុខសមត្ថកិច្ចទាំងនោះយកមកដោះស្រាយតាមផ្លូវច្បាប់ផង កុំឲ្យអាងខ្លួនមានអំណាចបុណ្យស័ក្កិ ចង់វាយធ្វើបាបប្រជាជនតូចតាចស្រេចតែក្បាលចិត្តបែបនេះទៀត៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print