កម្លាំងទាហាននៅតំបន់ភាគខាងកើតប្រទេសលីប៊ីនៅថ្ងៃទី ២៨ខែឧសភា បាន ប្រកាសអាសន្ន និងបង្កើនសន្តិសុខការពារយ៉ាងតឹងតែងក្រោយមានការប្រកាស អាសន្នពីការវាយប្រហារភេរវកម្មនៅទីតាំងប្រេង ក្នុងនោះមានកំពង់ផែជាដើម។
កម្លាំងទាហានបានបង្កើនការយាម ល្បាតនៅតាមកំពង់ផែនិងទីតាំង ប្រេង សំខាន់ៗ ដើម្បីទប់ស្កាត់ការវាយប្រហារពីក្រុមភេរវកម្ម។ ការប្រកាសអាសន្ន ខាងលើកើតឡើងក្នុងពេលដែលក្រុមឧទ្ទាមនៅក្នុងប្រទេសលីប៊ី បាន បើកការវាយ ប្រហារទៅលើទីតាំងជាច្រើន ពិសេសគឺ កំពង់ផែនាំប្រេងចេញដ៏សំខាន់នៅក្នុង ប្រទេសនេះ។
ការវាយប្រហារ នាពេល កន្លងមក គឺសំដៅទៅលើបំពង់បង្ហូរប្រេង ស្ថិតនៅស្រុក Mrada ចម្ងាយពីទីក្រុង ទ្រី ប៉ូលីប្រមាណ ៥០០គីឡូម៉ែត្រ នៅភាគ ខាងកើតកាលពីខែមេសាកន្លងមក។
ក្នុងថ្ងៃជាមួយគ្នានេះដែរ គណៈកម្មការ ជាន់ខ្ពស់ លីប៊ី បានស្នើចូលរួម កិច្ចប្រជុំ អន្តរជាតិស្តីពីលីប៊ីដឹកនាំដោយអង្គការ សហប្រជាជាតិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ក្នុងទីក្រុងបារីស ប្រទេស បារាំង។
ស្ថានទូតបារាំងប្រចាំនៅប្រទេសលីប៊ី បានប្រកាសជាផ្លូវការថា ប្រទេសបារាំង នឹងរៀបចំប្រារព្ធសន្និសីទអន្តរជាតិមួយ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ស្តីអំពីបញ្ហានៅលីប៊ីឯទីក្រុងប៉ារីស នាថ្ងៃ អង្គារសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨។
ស្ថានទូតខាងលើបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «សន្និសីទអន្តរជាតិមួយស្តីពីបញ្ហានៅលីប៊ី នឹងប្រព្រឹត្តទៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិនាថ្ងៃ អង្គារ ទី២៩ ខែឧសភា នៅឯវិមានអេលីហ្សេ (Elysee) នៃទីក្រុងប៉ារីស»។ សេចក្តី ថ្លែងការណ៍បានបន្តថា «ក្រោយពីជម្លោះបានបន្តអូសបន្លាយអស់៧ឆ្នាំមក សន្និ សីទដ៏ធំពុំធ្លាប់មាននេះ ដែលជាការឆ្ពោះ ទៅមុខបន្តទៀត នៃកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានធ្វើឡើងចាប់តាំងតែពីឆ្នាំ ២០១១មកម្ល៉េះ ដោយសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ជាមួយគោល ដៅចាប់ផ្តើមទំព័រថ្មី នៃស្ថិរភាព និងកិច្ច សហប្រតិបត្តិការ»។
គួរជម្រាបថា ទោះបីជាកិច្ចព្រមព្រៀងផ្នែកនយោបាយដែលគាំទ្រដោយ UN ត្រូវបានចុះហត្ថលេខាដោយគូបដិបក្ខនៅលីប៊ី កាលពីខែធ្នូ ឆ្នាំ២០១៥ រួមជាមួយនិងការតែងតាំងរដ្ឋាភិបាលរួបរួម ដែលមាន UN នៅពីក្រោយខ្នងយ៉ាងណាក្តី ក៏ប្រទេស លីប៊ី នៅតែបន្តបែកបាក់គ្នាផ្នែកនយោបាយដដែល រវាងអាជ្ញាធរនៅឯតំបន់ភាគខាង កើត (ប៊ែងហ្គាស៊ី) និងភាគខាងលិច (ទ្រីប៉ូលី)៕ ម៉ែវ សាធី